ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានបន្តចុះពិនិត្យស្ថានភាពតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ ពិសេសនៅក្នុងតំបន់បុរីជីបម៉ុងក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យដើម្បីពង្រឹងការងារនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសឱ្យពួកគាត់រក្សាគម្លាតសុវត្ថិភាពនិងពាក់ម៉ាស់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោក ឃួង ស្រេង និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យចំនួន៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមាននៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។ ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនោះ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរក៏ដូចជាក្រុមការងារដែលអនុវត្តលើការចាក់វ៉ាក់សាំងនេះត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវិ-១៩ ដោយសារតែយុទ្ធនាការនេះបងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលយកការចាក់វ៉ាក់សាំងជាប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដែលប្រឈមមុខនិឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា ដើម្បីបន្សាំុតំបន់មានហានិភ័យខ្ពស់ ក្រសួងការពារជាតិបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងមូលដ្ឋានខណ្ឌចំនួន៤ដែលមានការរីករាលដាលកូវីដធ្ងន់ធ្ងរ ក្នុងនោះមានខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដោយចាប់អនុវត្តពីថ្ងៃទី០១ ខែឧសភាតទៅ ក្នុងផែនការផ្តល់ជូនជាង៥០ម៉ឺននាក់រស់នៅតំបន់ក្រហម ហើយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ បើគិតពីថ្ងៃទី១ដល់ថ្ងៃទី០៤ខែឧសភានេះ មានពលរដ្ឋចំនួន ជាង១៤ម៉ឺននាក់ហើយទទួលបានការចាក់វ៉ាក់សាំងដូសទីមួយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ០៥ ខែឧសភានេះ ក៏បានដាក់បទបញ្ជាទៅអង្គភាពកងទ័ពនិងក្រុមការងារចាក់វ៉ាក់សាំងជូនពលរដ្ឋរស់នៅតំបន់ក្រហមឲ្យបាន៥២ម៉ឺននាក់ឬលើសពីនេះ។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋជាង៥២ ម៉ឺននាក់នៅតំបន់ក្រហមនឹងមិនខ្វះនោះទេ ពីព្រោះនៅថ្ងៃទី១១ ខែឧសភា ខាងមុខ វ៉ាក់សាំងនឹងមកដល់៥០ម៉ឺនដូស ហើយថ្ងៃទី១៥ និឹងមកដល់៥០មុឺនដូសទៀត ។ ដូច្នេះនឹងមានវ៉ាក់សាំង១ លានដូសបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្រុមអង្គភាពចាក់វ៉ាកសាំងត្រូវចាក់ជូនប្រជាពលរដ្ឋឱ្យអស់នៅតំបន់ក្រហម មិនត្រឹមតែ៥២ម៉ឺននាក់នោះទេទោះបីលើសពីនេះដល់៦០ម៉ឺនក៏រាជរដ្ឋាភិបាលមានសមត្ថភាពចាក់ឱ្យដែរសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម៕
ដោយ៖ សំរិត