នៅក្នុងប្រទេសនេប៉ាល់ ករណីឆ្លងកូវីដ-១៩ បានកើនឡើងខ្ពស់ បង្កជាក្តីបារម្ភយ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះដូចនៅប្រទេសឥណ្ឌាដែរ។ នាយករដ្ឋមន្ត្រីនេប៉ាល់បានស្នើដល់បរទេសជួយដល់ប្រទេសនេះដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។
ប្រធានអង្គការកាកបាទក្រហមនេប៉ាល់ លោក Netra Prasad Timsina បានលើកឡើងថា «អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌា គឺប្រទេសនេប៉ាល់អាចនិឹងប្រឈមមុខដូចគ្នាក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើយើងមិនអាចទប់ស្កាត់បានល្អនោះទេ អ្នកស្លាប់និឹងកើតមានគ្រប់វិនាទី»។
កាលពីមួយខែមុន ប្រទេសនេប៉ាល់មានពលរដ្ឋ ៣១លាននាក់ មានករណីឆ្លងកូវីដ-១៩តែ១០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែពេលនេះមានករណីឆ្លងកើនឡើងដល់ទៅ៨៦០០នាក់ក្នុងមួយថ្ងៃៗ។
ចំណែកនៅក្នុងប្រទេសឥណ្ឌាវិញ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រាចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៤១២,៦១៨នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៩៨២នាក់បាត់បង់ជីវិត។ ចំនួនករណីឆ្លង និងស្លាប់ដែលត្រូវបានប្រកាសចេញនេះ គឺសុទ្ធតែជាតួលេខខ្ពស់បំផុត ដែលឥណ្ឌាទើបជួបប្រទះ។
ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២១,០៧០,៨៥២ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២៣០,១៥១នាក់ និងជាសះស្បើយឡើងវិញ ១៧.២៧លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៥៧លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល៕
រូបភាព៖ AP