ខេត្តពោធិ៍សាត់ ៖ កម្លាំងចម្រុះរួមមាន កងរាជអាវុធហត្ថខេត្ត.ស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ជំនាញរដ្ឋព្រៃឈើ និងសុរិយោដីស្រុកក្រគរ ទទួលបញ្ជាអភិបាលខេត្តពោធិ៍សាត់ចុះពិនិត្យករណីឈូសឆាយដីព្រៃ ដោយឃាត់គ្រឿងចក្រ និងត្រាក់ទ័រចំនួន៦គ្រឿង ។
ករណីកម្លាំងសមត្ថកិច្ចចំរុះទទួលបទបញ្ជាពិនិត្យការឈូសឆាយដីព្រៃខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចបឹងស្នោ ស្ថិតនៅភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា តាមការពិនិត្យជាក់ស្ដែងលទ្ធផលៈ ឃើញ(អេស្គាទ័រ)១គ្រឿង និងត្រាក់ទ័រចំនួន៥គ្រឿង ចតស្ងៀមនៅលើដីមួយកន្លែងមានទំហំប្រមាណ១៦០ហិកតា ម្ចាស់ឈ្មោះ ស៊ុយ ប៊ុនថន បំភ្លឺអះអាងប្រាប់សមត្ថកិច្ចថា ដីទាំងអស់ខ្លួន(ស៊ុយ ប៊ុនថន)បានទិញពីប្រជាពលរដ្ឋចំនួន២៨គ្រួសារ ស្មើនឹងចំនួន៣២ប្លង់ ដោយមានលិខិតទិញលក់ និងបញ្ជាក់ពីលោកមេឃុំស្វាយ.ស ថែមទាំងមានស្នាមមេដៃលក់ទិញពីម្ចាស់ដី ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា បច្ចុប្បន្ន វត្ថុតាង គ្រឿងចក្រ និងត្រាក់ទ័រ ប្រគល់ជូនមន្រ្តីជំនាញសូរិយោដីស្រុកក្រគរ និងមន្រ្តីរដ្ឋព្រៃឈើ បន្តនីតិវិធី ។
ទោសជាយ៉ាងក្ដី ៖ ករណីខាងលើនេះគេពុំទាន់ដឹងយ៉ាងណានៅឡើយទេ រងចាំបន្តតាមដានទាំងអស់គ្នា ម្យ៉ាងវិញទៀតនោះលោក មេឃុំស្វាយស សុីញ៉េដីច្រើនម្លេះ បើមើលទៅឃើញដីសុទ្ធតែព្រៃបែបនេះ ៕
ដោយ៖ បុឹម ពិន