យ៉ាងហោចណាស់ក៏មានមនុស្ស៣០នាក់ស្លាប់ និង៥២នាក់រងរបួស ក្នុងការវាយប្រហារគ្រាប់បែក នៅជិតសាលាមធ្យមសិក្សាស្រី នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
ក្រសួងការពារជាតិ អាហ្វហ្គានីស្ថាន បានប្រកាសថា ករណីផ្ទុះកើតឡើងនៅជិតសាលា Sayeed ul Shuhada សម្រាប់សិស្សស្រី ក្នុងតំបន់ Dasht-e-Barchi ក្នុងទីក្រុងកាប៊ុល នៅល្ងាចថ្ងៃទី ៨ខែឧសភា ។ មកទល់ពេលនេះ ក្រុមជំនាញ មិនទាន់បញ្ជាក់ពីករណីផ្ទុះនៅឡើយទេ ហើយមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់នៅឡើយទេ។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabiullah Mojahid បានច្រានចោលព័ត៌មានចាប់ពាក់ព័ន្ធករណីខាងលើ ។ តាមសារព័ត៌មានTolo News របស់អាហ្វហ្គានីស្ថាន បានឲ្យដឹងថា ករណីផ្ទុះខាងលើកើតឡើង ក្នុងពេលដែលសិស្សចេញពីសាលារៀន។ សាក្សីនៅកន្លែងកើតហេតុមានទាំងគ្រូបង្រៀនបានឲ្យដឹងថា មានសំឡេងផ្ទុះដល់ទៅ៣លើក ក្រោយមានរថយន្តផ្ទុកគ្រាប់បែកចតនៅក្បែសាលារៀន។ ជនរងគ្រោះភាគច្រើនគឺជាសិស្សស្រី។
អាហ្វហ្គានីស្ថាន បានទទួលរងការវាយប្រហារគ្រាប់បែកបង្កែក្នុងរថយន្តជាច្រើនលើកនាពេលកន្លងមក បើទោះបីមានកិច្ចពិភាក្សាស្តីសន្តិភាព រវាងក្រុមតាលីបង់និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
រដ្ឋាភិបាលបណ្តាប្រទេស និងអង្គការក្រៅរដ្ឋាភិបាល បានលើកឡើងថា អំពើហិង្សានៅក្នុងប្រទេស ដែលមានសង្គ្រាមអូសបន្លាយរយៈពេលពីរទសវត្សរ៍កន្លងមកគឺជារឿងមិនអាចទទួលយកបានឡើយ។ ទន្ទឹមនឹងនោះសហគមន៍អន្តរជាតិ បានអំពាវនាវឲ្យឈប់បាញ់ជាបន្ទាន់ រវាងតាលីបង់និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន៕
រូបភាព៖ Reuters