ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សស្រីប្រុសចំនួន៤នាក់បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និងម៉ូតូ នៅគ្រាកំពុងធ្វើដំណើរស្របទិស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង២០នាទី ល្ងាចថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុច្រកព្រាល ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ មុនដំបូងគេឃើញបុរសឈ្មោះ សំ ប៉ាន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ(ធ្ងន់)ជិះម៉ូតូ១គ្រឿងម៉ាក ស្មាស់(ចាស់)គ្មានស្លាកលេខ ចេញពីតូបលក់ដូរមួយកន្លែងដោយខ្វះការប្រយ័ត្ន គ្រានោះមានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1P -3919 ឌុបគ្នា៣នាក់មកពីទិសខាងកើតបុកពេញទំហឹង បណ្ដាលឲ្យរងរបួសរដូករណែលទាំងសង់ខាង ។
ប្រភពដដែលបន្តទៀតថា អ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ឈ្មោះ ឈិ ផាន់នួន ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់)អ្នករួមដំណើរទី-១ ឈ្មោះ សយ សារ៉ាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់)និងទី-២ ឈ្មោះ សារ៉ាក់ រស្មី ភេទប្រុស អាយុ ០១ឆ្នាំ ជនជាតិខ្មែរ(ស្រាល)បច្ចុប្បន្ន អ្នកទាំង៣នាក់រស់នៅចំណុចទួលគ្រួស ស្ថិតនៅភូមិ.ឃុំកើតហេតុ ។
ប្រភពបញ្ជាក់បន្ថែមថា ភ្លាមៗនោះជនរងបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿង រក្សាទុកជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី ៕
ដោយ៖ បុឹម ពិន