នៅក្នុងទីក្រុងជាច្រើនក្នុងប្រទេសអេស្ប៉ាញ ពលរដ្ឋបានជួបជុំគ្នាអបអរសាទរការបញ្ចប់ បម្រាមគោចរ នៅ១៣តំបន់ ក្នុងចំណោម១៧តំបន់ដែលបានអនុម័តក្នុងប្រទេសនេះ។
រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញថា ពលរដ្ឋបានជួបជុំគ្នានៅឆ្នេរសមុទ្រទីក្រុង Barcelona និងតាមផ្លូវថ្នល់នានាក្នុងរដ្ឋធានីម៉ាឌ្រីដដើម្បីអបអរសាទរដល់ការបញ្ចប់បម្រាម ដែលបានអនុវត្តរយៈពេល៦ខែនៅក្នុងប្រទេសនេះ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ មនុស្សជាច្រើនមិនពាក់ម៉ាស់ឡើយពេលជួបជុំគ្នា ដោយមិនគោរពទៅតាមវិធានការ សុខាភិបាលរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងកូវីដ-១៩នោះឡើយ។ បើទោះបីលុបបម្រាម ប៉ុន្តែមិនទាន់អនុញ្ញាតឲ្យជួបជុំគ្នាលើសពី៦នាក់នោះឡើយ។
ការជួបជុំគ្នាលើសពី៦នាក់នៅតែបន្តហាមប្រាមនៅឡើយដោយសារតែនៅមានករណីឆ្លងខ្ពស់នៅឡើយទេ។កម្លាំងប៉ូលិសបានទៅព្រមានពលរដ្ឋដែលជួបជុំគ្នា អាចនឹងបង្កឲ្យមានករណីឆ្លងថ្មីកើតឡើង។ នៅទីក្រុងម៉ាឌ្រីដ កម្លាំងប៉ូលិសត្រូវទៅបញ្ឈប់ការច្រៀងរាំរបស់ពលរដ្ឋ ក្នុងតំបន់ Puerta del Sol ។
គិតមកដល់ដើមសប្តាហ៍នេះមានពលរដ្ឋអេស្ប៉ាញជិត ២៨% បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទីមួយ និង ១២% ចាក់រួចរាល់ដូសទីពិរ។ លោក Natalia Pardo Lorente អ្នកស្រាវជ្រាវវេជ្ជសាស្ត្រនៅទីក្រុង Barcelona បាននិយាយទៅកាន់សារព័ត៌មានCNN ថា «ខ្ញុំពិតជាបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលខ្ពស់ជាថ្មីឡើងវិញ បើទោះបីអ្នកដែលជួបជុំគ្នានោះបានចាក់វ៉ាក់សាំងរួចរាល់ហើយក្តី»។
ប្រទេសក្នុងតំបន់អឺរ៉ុបមានគម្រោងបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ ដោយអនុញ្ញាតឲ្យពលរដ្ឋដែលចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូសអាចធ្វើដំណើរកម្សាន្តបានដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ៕
រូបភាព៖ AP