ក្រុមសេះបង្កង់ Juventus នឹងនៅជាប់ជាមួយគ្រូបង្វឹកលោក Andrea Pirlo សម្រាប់រដូវកាលដែលនៅសេសសល់បើទោះបីជាគេរំពឹងថា បានដឹកនាំក្រុមធ្លាក់ក្នុងវគ្គជម្រុះ Champions League ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃអង្គារទី១១ ឧសភានេះ។
ការបរាជ័យក្នុងផ្ទះ ៣-០ កាលពីថ្ងៃអាទិត្យដោយសារថ្វីជើងក្រុម AC Milan បានធ្វើឲ្យ Juventus ឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងក្របខ័ណ្ឌ Serie A ដោយនៅសល់៣ប្រកួតទៀតចប់រដូវកាល។
លោក Pirlo គឺជាជម្រើសដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីជំនួសលោក Maurizio Sarri កាលពីរដូវក្តៅមុនហើយក្រោមការដឹកនាំរបស់គាត់ ក្រុម Juventus មិនបានឈ្នះពានរង្វាន់នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២ ។
បន្ទាប់ពីការបរាជ័យចាញ់ក្រុម AC Milan បន្ទាប់ពីលោក Pirloវ័យ៤១ឆ្នាំបាននិយាយថាលោកនឹងមិនឈប់ពីតំណែងឡើយ។ ទោះយ៉ាងណាមានការរំពឹងទុកថា អតីតខ្សែបម្រើសញ្ជាតិអុីតាលីរូបនេះអាចត្រូវបានរារាំងក្នុងការព្យាយាមដណ្តើមបានចំណាត់ថ្នាក់កំពូលទាំង៤ ដើម្បីមានកៅអីលេង Champions League រដូវកាលក្រោយ។
សារព័ត៌មាន BBC Sport បានបញ្ចេញទស្សនៈថា រឿងនេះនឹងមិនកើតឡើងទេ ហើយលោក Pirlo នឹងនៅតែមានជំហររបស់គាត់សម្រាប់ដំណើរការប្រកួតនៅថ្ងៃពុធជាមួយក្រុមម្ចាស់ផ្ទះ Sassuolo និងការប្រកួតបន្ទាប់ប្រឆាំងនឹងម្ចាស់ជើងឯកថ្មី Inter Milan និងក្រុម Bologna ។
ក្រុមសេះបង្កង់ Juventus គឺជាក្រុមដែលដេញតាមពីក្រោយក្រុមលេខ៤Napoli, ក្រុម Atalanta (ឈរលេខ២) និង AC Milan (ឈរលេខ៣)។ ក្រុមទាំងពីរ (Juventus និង Napoli ) ស្ថិតនៅពិន្ទុមិនឆ្ងាយពីគ្នាទេ ដោយ Napoli លើសតែ១ពិន្ទុប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រុមរបស់លោក Pirlo ត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League នៅវគ្គ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមមកពីព័រទុយហ្គាល់ Porto ប៉ុន្តែមានឱកាសឈ្នះពានរង្វាន់នៅពេលដែលពួកគេត្រូវជួប Atalanta ក្នុងវគ្គផ្តាច់ព្រ័ត្រ Coppa Italia នៅចុងខែនេះ ៕
ដោយ ៖ ភារៈ