មុខសញ្ញាលួចដ៏ជំនាញនិងមិនរើសមុខត្រូវសមត្ថកិច្ចក្រុងតាខ្មៅក្របួចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនពីបទលួចកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅត្រង់ចំណុចហាងលក់ទូរស័ព្ទមួយកន្លែងក្បែរផ្សារតាខ្មៅចាស់ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចគាស់ហាងលក់ទូរស័ព្ទដៃមួយកន្លែង លួចយកទូរស័ព្ទដៃជាច្រើនគ្រឿង និងកុំព្យូទ័រយួរដៃមួយគ្រឿង ។ ករណីគាស់ហាងលក់ទូរស័ព្ទនេះកើតឡើងតាំងពីវេលាទៀបភ្លឺថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០​១៦ នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ ឯម ហុងគ្រី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ក្រុងភ្នំពេញ ។ ចំណែកឯជនរងគ្រោះជាម្ចាស់ហាងលក់ទូរស័ព្ទមានឈ្មោះ សេង រតនា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកំពង់សំណញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

ប្រភពដដែលបានបន្តថា ករណីលួចខាងលើនេះបានធ្វើឲ្យជនរងគ្រោះបាត់បង់ទូរស័ព្ទដៃចម្រុះម៉ាកចំនួន២០គ្រឿង និងកុំព្យូទ័រយួរដៃ១គ្រឿងផងដែរ ។ ដោយឡែកវត្ថុតាងដែលត្រូវបានដកហូតពីជនសង្ស័យរួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ បិទស្កុតពណ៌ទឹកមាស ពាក់ស្លាកលេខកណ្តាល1G-3807 ,ទូរស័ព្ទដៃចំនួន ២គ្រឿង , កូនសោរខ្សៀពណ៌ទឹកប្រាក់ចំនួន៦ ,កូនសោរចិញ្ជៀនពណ៌ប្រាក់ចំនួន៣ ,ដង្កាប់ចំនួន១ ,ផ្លែតួណឺវីសមុខពីរចំនួន០១ និងឧបករណ៍ធ្វើអំពីដែកចុងស្រួចសំប៉ែតចំនួន៣ ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះជាម្ចាស់ហាងលក់ទូរស័ព្ទដៃមួយកន្លែងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ ជនរងគ្រោះបានទៅហាងរបស់ខ្លួន ខណៈនោះបានឃើញអីវ៉ាន់ក្នុងហាងត្រូវបានរើកកាយនិងបាត់បង់ទូរស័ព្ទចំនួន២០គ្រឿង និងកុំព្យូទ័រយួរដៃចំនួន១គ្រឿង ។ ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគ​មន៍តែមិនមានពន្លឺសោះ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ១១ព្រឹក ជនរងគ្រោះបានប្រទះឃើញជនសង្ស័យកាន់ទូរស័ព្ទដៃ យកទៅលក់នៅហាងមួយកន្លែងក្បែរផ្សារតាខ្មៅ  ។ ដោយចំណាំថាទូរស័ព្ទដែលជនសង្ស័យយកមកលក់ជាទូរស័ព្ទរបស់ខ្លួនដែលត្រូវបានចោរលួចទៅនោះ ជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរគមន៍ឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ទូរស័ព្ទដៃពីរគ្រឿងដែលខ្លួនយកមកលក់នេះមួយគ្រឿងខ្លួនបានទិញពីអ្នករត់ម៉ូតូឌុបដូចគ្នា រីឯមួយគ្រឿងទៀតខ្លួនបានកាត់យកពីអ្នកជិះម៉ូតូឌុបគ្មានលុយឲ្យ ។ ជនសង្ស័យបញ្ជាក់ថា ខ្លួនមិនបានធ្វើសកម្មភាពគាស់ហាងលក់ទូរស័ព្ទដៃរបស់ជនរងគ្រោះនោះទេ ។

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានបញ្ជាក់ថា ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនគរបាលជំនាញកំពុងបន្តសាកសួរជនសង្ស័យបន្ថែមទៀត ដើម្បីដាក់បន្ទុកកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

20160310163931

20160310163931 (1)

...

20160310163931 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print