ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រារព្ធពិធីទិវាជាតិអំណាន ១១មីនា ក្រោមប្រធានបទ «បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន» ក្រោមអធិបតីភាពលោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី អាន ឡឺម៉ែត្រ ប្រធានអង្គការយូណេស្កូប្រចាំនៅកម្ពុជា។
ថ្ងៃទី១១ ខែមីនា ត្រូវបានកំណត់យកជាថ្ងៃទិវាជាតិអំណាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាននិងការតែងនិពន្ធរួមចំណែកការងារនិងពង្រឹងវប្បធម៌ខ្មែរ ។
ការប្រារព្ធទិវាជាតិអំណាននាថ្ងៃនេះ ក៏ដើម្បីរំលឹកដល់ថ្ងៃប្រសូតរបស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ប្រសូតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ១៨៨៣ ។ សម្ដេចព្រះសង្ឃរាជទ្រង់សោយព្រះទិវង្គតនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ៕ សុខ ខេមរា