ភ្នំពេញ ៖ ពិតជាគួរឱ្យសង្វេគខ្លាំងណាស់ ដែលបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញតែពេលមកដល់ពាក់កណ្តាលផ្លូវត្រូវបុរសម្នាក់ទៀតបើករថយន្តលឿនដូចហោះជ្រុលទៅបុកពីក្រោយពេញទំហឹងរួចហើយកិនទាំងអ្នកជិះម៉ូតូបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនិឹងកន្លែង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង ៥០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សពជនរងគ្រោះមានឈ្មោះ យឿន ឈីវហុង អាយុ៥៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1S-1848 តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់បើករថយន្ត FUSO ដឹកហ្គាស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2485 មកពីក្រោយក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងនិងកិនបុរសជាជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចក៏បើករត់គេចអូសម៉ូតូជាច្រើនម៉ែត្រ តែពេលនោះក៏ត្រូវបានប្រជាពលរដ្ឋសហការជាមួយនឹងកងកម្លាំងនគរបាលខណ្ឌច្បារអំពៅដេញតាមចាប់បាននៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រួចបានយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តែម្ដង ។
តាមប្រភពព័ត៌មានពីសាច់ញាតិបុរសជនរងគ្រោះ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការនៅម្ដុំផ្សារដីហុយ ខណ្ឌសែនសុខ ក្នុងគោលបំណងត្រឡប់មកផ្ទះ តែជាអកុសលពេលមកដល់ពាក់កណ្តាលផ្លូវក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតយ៉ាងដូច្នេះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចក៏ប្រគល់រថយន្តនិងម៉ូតូរួមទាំងអ្នកបើកបររថយន្តបង្កឲ្យទៅខាងជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ