ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថចុះបង្រ្កាបករណីឈូសឆាយកាប់ឆ្ការដីព្រៃលិចទឹកក្នុងតំបន់អភិរក្សជលផល នឹងឃាត់ខ្លួនមនុស្ស០៨នាក់ បញ្ចូនទៅតុលាការនៅថ្ងៃទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២១ ដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ និងកម្លាំងកងរាជអាវុធហត្ថស្រុកមង្គលបូរី និងសហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្រ្កាបករណីឈូសឆាយកាប់ឆ្ការគាស់រុករានឈូសឆាយព្រៃលិចទឹកក្នុងតំបន់អភិរក្សជលផល នឹងឃាត់ខ្លួនមនុស្សបន្តបន្ទាប់ចំនួន៨នាក់ ព្រមទាំងគ្រឿងចក្រមួយចំនួនធំផងដែរ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឲ្យដឹងថា ជនសង្ស័យចំនួន៧នាក់ បានឆ្លើយសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើកអេសស្កា និងបើករថយន្តដឹកដីឱ្យគេប៉ុណ្ណោះ ដោយឡែកម្នាក់ទៀត ឈ្មោះ ហៀង គិមហេង បានឆ្លើយសារភាពថា ខ្លួន និងប្ដីឈ្មោះគិម សុធារ៉ាន់ ពិតជាបានទិញដីស្រែពីប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួនសរុបប្រហែល១៧ហិកតា ហើយប្ដីរបស់គាត់ពិតជាបានឱ្យគេឈូសឆាយ និងលើកផ្លូវលើដីនោះក្នុងគោលបំណងធ្វើគម្រោងពុះដីល្វែងលក់ពិតប្រាកដមែន ។
ដោយផ្អែកលើការស៊ើបអង្កេតឃើញថាដីដែលឈ្មោះ ហៀង គិមហេង និងប្ដីឈ្មោះ គិម សុធារ៉ាន់ ទិញពីប្រជាពលរដ្ឋនៅទីតាំងខាងលើ គឺជាដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលខេត្ត និងផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងខាងលើ យើងអាចសន្និដ្ឋានបានថា ជនសង្ស័យទាំង០៨នាក់ខាងលើពិតជាមានការជាប់ពាក់ព័ន្ធក្នុងសកម្មភាព ឈូសឆាយកាយដី ចាក់ធ្វើផ្លូវ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន។
បច្ចុនប្បន្ន ជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយជំនាញជលផលបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ចំណែកវត្ថុតាងចំនួន១២ប្រភេទ ស្មើនិង៥៣គ្រឿង មានគ្រឿងចក្រ និងសម្ភារប្រើប្រាស់សម្រាប់បម្រើផលផលប្រយោជន៍ករណីឈូសឆាយកាប់ឆ្ការគាស់រានឈូសឆាយព្រៃលិច ខាងលើត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាបណ្ដោះអាសន្ន៕
ដោយ៖ វណ្ណា