រដ្ឋាភិបាលបារាំង ផ្តល់ជំនួយជាថវិកាចំនួន ១,៥ លានអឺរូ ដល់គណៈកម្មការទន្លេមេគង្គ ដើម្បីគាំទ្រការកែលម្អបណ្តាញតាមដានទន្លេមេគង្គ

ចែករំលែក៖

ភ្នំពេញ ÷រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយជាថវិកាចំនួន ១,៥ លានអឺរូ ដល់គណៈកម្មការទន្លេ មេគង្គ (MRC) ដើម្បីពង្រីក និងបង្កើនប្រសិទ្ធភាពបណ្តាញតាមដានទន្លេ របស់ស្ថាប័ននេះ​សំដៅធ្វើឱ្យមានភាពប្រសើរឡើងដល់ការតាមដានទន្លេ និងគ្រប់គ្រងដំណើរការប្រតិបត្តិ ការគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមដងទន្លេមេ និងដៃទន្លេសំខាន់ៗនៃទន្លេមេគង្គ។ ក្នុងពិធីចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយនេះ ក៏ត្រូវបានចុះ​សហហត្ថលេខីដោយលោកជំទាវ ហ្វ្លរឺនស៍ ហ្សង់ប្លង់-រីស្លឺរ៍ (Florence Jeanblanc-Risler) ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំងប្រចាំ​ប្រទេសឡាវ លោកស្រី Julie Gabet-Ouahioune) នាយកAFD​ប្រចាំ​ប្រទេស​​ឡាវ និងលោក​បណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC នាព្រឹកថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២១។ នេះ​​បើយោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់ MRC។

ក្នុងសេចក្ដីប្រកាសបានលើកឡើងថា ទន្លេមេគង្គ គឺជាអាយុជីវិតនៃប្រជាជនរាប់​លាននាក់ ដែលពឹងអាស្រ័យលើវាសម្រាប់ការចិញ្ចឹមជីវិត។ ប៉ុន្តែដោយសារការអភិវឌ្ឍ​កើន​ឡើងយ៉ាងលឿន និងអាកាសធាតុប្រែប្រួលកាន់តែខ្លាំង កង្វះទិន្នន័យ និងព័ត៌មាន​ពី​ហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងអាងទន្លេ និងវិធីប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបង្កឱ្យ​មាន​ការលំបាកដល់ការព្យាករពីផលប៉ះពាល់នានា។

លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បាន​គូស​បញ្ជាក់ថា “យើងនឹងពង្រឹងប្រព័ន្ធតាមដានទន្លេបច្ចុប្បន្ននេះ ឱ្យកាន់តែមាន​សមត្ថភាព ប្រសិទ្ធភាព និងភាពជឿជាក់ក្នុងការប្រមូល និងបញ្ជូនទិន្នន័យទឹកភ្លៀង កម្រិតទឹកតាម​ពេល​វេលាជាក់ស្តែង និងទិន្នន័យពាក់ព័ន្ធនឹងបរិស្ថានផ្សេងៗ ដើម្បីជំរុញដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍ទន្លេប្រកបដោយទំនួលខុសត្រូវ”។ លោកបណ្ឌិតបានបន្ដថា មូលនិធិនេះ ត្រូវ​បានផ្តល់តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលមានរយៈពេល ៤ឆ្នាំ ចាប់ពី​ឆ្នាំ២០២១​ ដល់ឆ្នាំ២០២៥។ ជំនួយនេះ មានគោលបំណងបង្កើនសមត្ថភាពរបស់MRC និង​ប្រទេសជាសមាជិក រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីតាមដានរំហូរទន្លេ និង​បរិមាណទឹកភ្លៀង ក្នុងន័យលើកកម្ពស់ការយល់ដឹងឱ្យបានកាន់តែប្រសើរពី​បម្រែ​បម្រួល​រំហូរ និងផលប៉ះពាល់ដែលអាចកើតមានពីគម្រោងអភិវឌ្ឍន៍និងការប្រែប្រួលអាកាស​ធាតុ​ទៅលើសហគមន៍តាមអាងទន្លេ និងបរិស្ថាន ជាពិសេសលើគុណភាពទឹក កំណកកករ និង​ជលផល។

មូលនិធិថ្មីនេះ គឺជាជំនួយបន្តពីជំនួយចំនួនពីរផ្សេងទៀតដែលមានទឹកប្រាក់ចំនួន ៤លានអឺរ៉ូពីប្រទេសបារាំង សម្រាប់ពីរដំណាក់កាលដំបូងនៃគម្រោងបណ្តាញតាមដាន​រំហូរ​ទន្លេ និងបរិមាណទឹកភ្លៀង។ នៅដំណាក់កាលទីមួយ (ពីឆ្នាំ២០០៧ ដល់២០១២) MRC បានបង្កើតបណ្តាញមួយដែលមានស្ថានីយតាមដានរំហូរទន្លេនិងបរិមាណទឹកភ្លៀងចំនួន ៤៩ តាមដងទន្លេមេគង្គ និងដៃទន្លេនានា ដើម្បីប្រមូលទិន្នន័យតាមពេលវេលា ជាក់ ស្តែង នៃកម្រិតទឹក និងបរិមាណទឹកភ្លៀង រៀងរាល់១៥នាទីម្តង សម្រាប់ការព្យាករណ៍កម្ពស់ ទឹក ជំនន់ និងតាមដានស្ថានភាពទន្លេ។ នៅដំណាក់កាលទីពីរ (ពីឆ្នាំ២០១៦ ដល់២០២២)MRC បានពង្រីកបណ្តាញនេះ ដោយបង្កើតស្ថានីយចំនួន ១១ បន្ថែមទៀត នៅតាមដងទន្លេមេ និងធ្វើឱ្យប្រសើរដល់ការ​យល់​ដឹងពី​​ការវិវត្ដទន្លេនេះ និងការប្រើប្រាស់ទិន្នន័យសម្រាប់ វិស័យផ្សេងទៀតនៃ​ការគ្រប់​គ្រងធនធានទឹក។

លោកស្រី ជូលី ហ្គាបេត-អ៊ូហ៊ីអូន (Julie Gabet-Ouahioune) នាយកAFD​ប្រចាំ​ប្រទេស​​ឡាវបានមានប្រសាសន៍ថា ថវិកានេះ នឹងផ្តល់លទ្ធភាពឱ្យ MRC បង្កើនចំណេះ​ដឹង​នៃទម្រង់បែបជលសាស្ត្ររបស់ទន្លេមេគង្គ និងដៃទន្លេសំខាន់ៗ ដែលជាលទ្ធផល បង្កើត​ឱ្យមានប្រព័ន្ធតាមដានរួមមួយ សម្រាប់ការគ្រប់គ្រងទន្លេឱ្យបានកាន់តែប្រសើរ”។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៦មក ប្រទេសបារាំងបានផ្តល់ជំនួយថវិកាជាង ១០លានអឺរ៉ូ (ត្រូវជា ១២ លានដុល្លារអាម៉េរិក) ដើម្បីគាំទ្រដល់កិច្ចការតាមដានទន្លេ ការ​គ្រប់​គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន។ ប្រទេសបារាំង គឺជាដៃគូមួយ ក្នុងចំណោមដៃគូអភិវឌ្ឍន៍ជាច្រើន ដែលគាំពារដល់ការ​អនុវត្ត​នៃផែនការយុទ្ធសាស្ត្រថ្មីរបស់ MRC ។ ក្នុងនាមជាឧបករណ៍ដ៏ចម្បងមួយ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រថ្មីសម្រាប់អភិវឌ្ឍន៍​អាងទាំងមូល (២០២១-២០៣០) ផែនការរយៈពេល ៥ឆ្នាំនេះ នឹងផ្តល់លទ្ធភាពដល់ប្រទេសសមាជិកទាំងបួន ក្នុងការថែរក្សាមុខងារអេកូឡូស៊ី​នៃទន្លេ ជំរុញឱ្យមានការវិនិយោគចាំបាច់តាមរយៈការរៀបចំផែនការថ្នាក់​តំបន់បែប​បរិ​សកម្ម និងពង្រឹងភាពធន់ ទប់ទល់នឹងគ្រោះអន្តរាយនានា៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print