ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី២ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជាប់ព័ន្ធនិងការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ជាបន្តបន្ទាប់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចឌឿងហែម ផ្លូវលេខ៤៤ ភូមិ៧ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់នោះទី១-ឈ្មោះឡាំ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ទី២-ឈ្មោះ ស៊ំុ រដ្ឋាន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ និងទី៣-ឈ្មោះ សាំង ពិទូ ភេទប្រុស អាយុ៣២ ឆ្នាំស្នាក់នៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ(ជាអ្នកលក់) និងដកហូតវត្ថុតាងជាក់ស្តែងរួមមាន ថ្នាំញៀន(ប្រភេទម៉ាទឹកកក) ចំនួន៣កញ្ចប់ រួមទាំងឧបកសម្រាប់ជក់មួយចំនួនផងដែរ ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនមុខសញ្ញាជនសង្ស័យទាំងអស់នោះទើបកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌបានចុះមកសហការជាមួយនគរបាលមូលដ្ឋានប៉ុស្ត៍ិផ្សារកណ្ដាលទី២ ដាក់កម្លាំងល្បាតនិងពួនស្ទាក់នៅក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានឡើងជាយថា ហេតុលុះជិះល្បាតមកដល់ចំណុចកើតហេតុស្រាប់តែឃើញក្រុមជនសង្ស័យ២នាក់ ដោយមានការសង្ស័យសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងឆែកឆេររកឃើញថ្នាំញៀនដែលពួកគេលាក់ទុកចំនួន២កញ្ចប់តូចជាក់ស្តែងតែម្តង ។
ក្រោយពេលដែលសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យទាំង២នាក់នោះរួច ទើបដឹងថាថ្នាំញៀននោះពួកគេទិញពីឈ្មោះ សាំង ពិទូ ទើបសមត្ថកិច្ចវបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនឈ្មោះសាំង ពិទូ តែម្តងនិងដកហូតថ្នាំញៀនបានចំនួន១កញ្ចប់ទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើនេះ កំពុងឃាត់ ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមច្បាប់ ៕ ស ដារ៉ា