រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសថា រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន កំពុងតែខិតខំបញ្ចប់អំពើហិង្សារវាងអុីស្រាអែល និឹងប៉ាឡេស្ទីន ។ ប៉ុន្តែ តាមសារព័ត៌មាន Washington Postបានឱ្យដឹងថា នៅក្រោយខ្នង អាមេរិកមានគម្រោងលក់អាវុធឲ្យអុីស្រាអែលមានតម្លៃរហូតដល់ទៅ៧៣៥លានដុល្លារ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតរួមនៅប្រទេសដាណឺម៉ាក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានឱ្យដឹងថា អាមេរិកបានខិតខំដើម្បីស្វែងរកសន្តិភាពរវាងអុីស្រាអែលនិឹងប៉ាឡេស្ទីន ។ រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា «យើងនឹងជួយដល់ភាគីទាំងពីរ ប្រសិនបើភាគីទាំងសងខាង ស្វែងរកបទឈប់បាញ់។
បច្ចុប្បន្ន ទាំងអុីស្រាអែល និងក្រុមប៉ាឡេស្ទីន ក្នុងនោះមានកម្លាំងក្រុមហាម៉ាស់ នៅតែមិនទាន់មានគម្រោងអនុវត្តបទឈប់បាញ់គ្នានៅឡើយទេ ។ ប៉ុន្តែសារព័ត៌មាន BBC បានដកស្រង់ប្រភពព័ត៌មានក្នុងតំបន់ដែលបានឱ្យដឹងថា ភាគីហាម៉ាស់កំពុងស្វែងរកបទឈប់បាញ់ ប៉ុន្តែត្រូវអុីស្រាអែលច្រានចោល។
កាលពីថ្ងៃទី១៧ខែឧសភា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា យុទ្ធនាការវាយប្រហារទៅលើតំបន់ហ្គាហ្សា នៅតែបន្តហើយខ្លាំងជាងមុនទៅទៀត ដោយអុីស្រាអែលចង់ឲ្យក្រុមហាម៉ាស់ត្រូវតែសងនូវតម្លៃដែលខ្លួនបានធ្វើទៅលើអុីស្រាអែល។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ៣លើកកន្លងមក ស្តីពីបញ្ហាអីុស្រាអែល និងប៉ាឡេស្ទីននៅតែមិនមានសេចក្តីសម្រេចណាមួយ ដោយអាមេរិកតែងតែជំទាស់ ដោយយកមូលហេតុចង់ជំរ៉ុញការខិតខំតាមរយៈកិច្ចការបរទេសរបស់អាមេរិក ដើម្បីបញ្ចប់វិវាទ៕
រូបភាព៖ Reuters