ឃាត់ខ្លួនមេខ្យល់ម្នាក់ លួចនាំមនុស្ស៦នាក់ឆ្លងដែន ទៅប្រទេសថៃខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង÷ កម្លាំងនគរបាលអធិការដ្ឋានស្រុកសំពៅលូន សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧, កម្លាំងវរសេនាតូច៥៣៣ និង កម្លាំងសឹករងស្រុកសំពៅលូន ឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន បានធ្វើការឃាត់ខ្លួនមេខ្យល់នាំមនុស្សឆ្លងដែនទៅថៃខុសច្បាប់ម្នាក់និងពលករ៦នាក់។មេខ្យល់ ឈ្មោះ អ៊ុល ផេន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ការឃាត់ខ្លួនមេខ្យល់នាំពលករចូលទៅថៃខុសច្បាប់នេះ ប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ តាមច្រករបៀងជាប់ភូមិសាស្ត្រចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនិងក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះមេខ្យល់បានធ្វើសកម្មភាពលួចនាំមនុស្សចំនួន ៦នាក់ ក្នុងនោះក្មេង ចំនួន ៣នាក់ ដោយនាំឆ្លងអូរព្រំដែនកម្ពុជា-ថៃ ចូលទៅទឹកដីថៃ ត្រង់ចំណុចខាងលើ ក៏ត្រូវសមត្ថកិច្ចឈរជើងតាមព្រំដែនឃាត់ខ្លួនបានតែម្តង ។
ក្រោយឃាត់ខ្លួនបាន ពលករទាំង៦នាក់ បានធ្វើការអប់រំណែនាំឱ្យវិលត្រឡប់ទៅមូលដ្ឋានដើម្បីធ្វើចត្តាឡីស័ក។ ចំណែកជនសង្ស័យជាមេខ្យល់មានឈ្មោះខាងលើ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print