ភ្នំពេញ ៖ កម្មករ កម្មការិនីដែលមានជីវភាពខ្វះខាតចំនួន៤៣០គ្រួសារទៀតនៅភូមិតាសេក សង្កាត់កំបូល និងនៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល បានមកទទួលអំណោយមនុស្សធម៌របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដើម្បីចូលរួមរំលែកទុក្ខលំបាក និងយកទៅដោះស្រាយជីវភាពបងប្អូនបានមួយគ្រាក្នុងឱកាសជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងសហគមន៍។
ពិធីចែកអំណោយនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកសេង គន្ធ អភិបាលរងខណ្ឌកំបូល និងលោកស្រី ទេព កញ្ចានា អភិបាលរង តំណាងលោកអភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា ស្ថិតនៅស្នាក់ការភូមិតាសេក និងនៅស្នាក់ការភូមិត្រពាំងឈូក ។
លោក សេង គន្ធ អភិបាលរងខណ្ឌកំបូល និងជាប្រធានក្រុមយុវជនខណ្ឌ (ស.ស.យ. ក ) បានជួបសំណេះ សំណាលសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលមានជីវភាពខ្វះខាតថ្ងៃនេះចំនួន៤៣០គ្រួសារបន្ថែមទៀត ។
លោកអភិបាលរងខណ្ឌបានបន្ដថា សរុបរយៈពេល២សប្ដាហ៍អាជ្ញាធរខណ្ឌកំបូល បានផ្ដល់អំណោយមនុស្សធម៌របស់សម្ដេចតេជោ ជូនពលរដ្ឋ កម្មករ កម្មការិនីដែលមានជីវភាពខ្វះខាតបាន ជាង២០.០០០គ្រួសារហើយស្ថិតនៅសង្កាត់៥ គឺសង្កាត់ឪឡោក២៩៣៦គ្រួសារ,សង្កាត់កន្ទោកចំនួន៦៤០០គ្រួសារ,សង្កាត់កំបូលចំនួន ៤៣០០គ្រួសារ,សង្កាត់ស្នោ៣៦២៥គ្រួសារ និងសង្កាត់បឹងធំ ២៤០០គ្រួសារ តែដោយឡែកបងប្អូនមកទទួលជានិមិត្ដរូបនៅរសៀលថ្ងៃនេះចំនួន៤៣០គ្រួសារ ។
នៅក្នុងឱកាសនោះ លោក សេង គន្ធ អភិបាលរងខណ្ឌកំបូល បានបញ្ជាក់ថា៖ អាជ្ញាធរភូមិ សង្កាត់ ខណ្ឌ បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចទាំងទ្វេយកមកចែកជូនបងប្អូនកម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះ មានការយឺតយ៉ាវបន្ដិចមែន តែក៏សូមបងប្អូនមានការអធ្យាស្រ័យផង ។
លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចតាមរយៈលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម រាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬ និន្នាការនយោបាយណាមួយឡើយ ។
លោកបន្តថា ថ្វីដ្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលនូវការទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថាកាកបាទក្មរហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលនិងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
លោក សេង គន្ធ ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែចេះការពារខ្លួនពីជំងឺកូវីដ-១៩ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំគ្នាជាក្រុម និង ត្រូវអនុវត្តតាមបទបញ្ជារបស់រាជ រដ្ឋាភិបាលកម្ពុជា និង វិធាននានារបស់ក្រសួងសុខភិបាល ។
ចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈបានផ្ទុះឡើងមក យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំងអំពីលទ្ធភាពនៃការរីករាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍។ ជំងឺនេះកាចសាហាវណាស់ ហេតុនេះសូមបងប្អូនស៊ូទ្រាំលំបាក និង អត់ធ្មត់អនុត្តវិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើង ប្រសិនបើបងប្អូនមិនមានការចាំបាច់ទេ សូមកុំចេញពីផ្ទះ បើចេញពីផ្ទះត្រូវពាក់ម៉ាស់ឲ្យជាប់ជាប្រចាំ ។
ក្នុងឱកាសនោះដែរ លោក សេង គន្ធ តំណាងឲ្យអភិបាលខណ្ឌកំបូល លោកឃឹម ស៊ុនសូដា និងតំណាងឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បាន នាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតមកចែកជូនបងប្អូននៅថ្ងៃនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ១បាវ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ និងទឹកសុីអុីវ១យួរ ៕
ដោយ៖ សំរិត