សហគមន៍អឺរ៉ុបបានសម្រេចលុបច្បាប់ធ្វើចត្តាឡីស័កដល់អ្នកទេសចរ មកពីប្រទេសក្រៅតំបន់អឺរ៉ុប ខណៈរដូវក្តៅជិតចូលមកដល់។ សហគមន៍អឺរ៉ុប នៅថ្ងៃទី ១៩ ខែឧសភា បានព្រមព្រៀងគ្នាលើយុទ្ធសាស្ត្រក្នុងការបើកផ្លូវឲ្យអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនចូលអឺរ៉ុប ដោយមិនមានការរិឹតត្បិតអ្វីនោះឡើយ។
អ្នកនាំពាក្យ គណៈកម្មការអឺរ៉ុប លោក Christian Wigand បានប្រកាសថា តំណាងប្រទេសជាសមាជិកអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងគ្នាអនុញ្ញាតឱ្យអ្នកទេសចរដែលបានចាក់វ៉ាក់សំាងរួចចូលមកអឺរ៉ុប ។ អឺរ៉ុបក៏មានបង្កើតក្រុមប្រទេស«បៃតង» ដែលមិនមានករណីឆ្លងកូវីដច្រើន ដូចជា Australia, Israel, New Zealand, Rwanda, Singapore, កូរ៉េខាងត្បូង, ថៃ និងចិន អាចចូលក្នុងតំបន់អឺរ៉ុបបានបើចាក់វ៉ាក់សាំងរួចរាល់ហើយនោះ ។
ជាមួយគ្នានេះដែរ អឺរ៉ុបក៏បានអនុញ្ញាតឲ្យបុគ្គលដែលបានចាក់វ៉ាក់សាំងរួចរាល់នូវប្រភេទវ៉ាក់សាំង Pfizer, Moderna, AstraZeneca និង Johnson & Johnson អាចចូលក្នុងតំបន់អឺរ៉ុបបាន។ អឺរ៉ុបក៏បានស្នើដល់ប្រទេសជាសមាជិក មានសិទ្ធិសម្រេចការអនុញ្ញាតឲ្យអ្នកទេសចរដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ក្នុងនោះមានវ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិនផងដែរ។
សកម្មភាពខាងលើរបស់សហគមន៍អឺរ៉ុប គឺដើម្បីដំណើរការវិស័យទេសចរណ៍ក្នុងតំបន់ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយរងផលប៉ះពាល់ជាច្រើនដោយសារតែកូវីដ-១៩ ។ ជាមួយគ្នានេះដែរ ប្រទេសជាច្រើនទៀតក៏បានអនុវត្តដូចគ្នានេះដែរសម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ ដោយសារតែអ្នកដែលបានចាក់វ៉ាក់សាំងប្រឈមការឆ្លងនិងចម្លងកូវីដ-១៩ មានតិចតួចបំផុត៕
រូបភាព៖ WOWTRAVEL