ខ្សែការពារ Ruben Dias របស់ក្រុមមេឃខៀវ Manchester City ត្រូវបានសមាគមអ្នកនិពន្ធ–អ្នកសរសេរពីវិស័យបាល់ទាត់ជ្រើសតាំងជាកីឡាករល្អប្រចាំឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសុក្រ ទី២១ ឧសភានេះ។
កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ២៤ឆ្នាំរូបនេះត្រូវបានចុះហត្ថលេខាចូលរួមជាមួយក្លិប Man City ក្នុងតម្លៃប្រហែល៦៥លានផោនពីក្រុមBenfica កាលពីរដូវក្តៅមុន។
គាត់បានជួយឱ្យក្លិបឈ្នះពានរង្វាន់ Premier League និង League Cup ក៏ដូចជាឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលក្នុងនោះ Man City នឹងលេងជាមួយ Chelsea ។
កីឡាករ Dias បាននិយាយថា “វាគឺជាឯកសិទ្ធិដ៏ធំមួយ! ជាក់ស្តែងខ្ញុំមិនអាចធ្វើវាបានទេបើគ្មានជោគជ័យរបស់ក្រុម។ ខ្ញុំគិតថាខ្ញុំទទួលបានរង្វាន់នេះគឺជាឧទាហរណ៍ដ៏សំខាន់នៃរបៀបដែលក្រុមរបស់យើងធ្វើការរបៀបដែលយើងបង្កើតការប្រកួតរបស់យើង។ វាឆ្លុះបញ្ចាំងពីការរួមគ្នាទាំងអស់ដែលយើងមាននៅលើទីលាន គឺរបៀបដែលយើងលេងនិងស្មារតីដែលមាននៅក្នុងក្រុមជាមួយកីឡាករទាំងអស់” ។
សមាគមអ្នកនិពន្ធបាល់ទាត់ (FWA) បានចេញសេចក្តីថ្លែងការណ៍ថា Dias គឺជាអ្នកឈ្នះប្រកបដោយភាពជឿជាក់ដោយបានបញ្ចប់ដោយនាំមុខខ្សែប្រយុទ្ធរបស់ក្រុម Tottenham Harry Kane និងមិត្តរួមក្រុម Dias របស់ Manchester City គឺកីឡាករ Kevin de Bruyne ។
សូមបញ្ជាក់ថា Dias គឺជាកីឡាករទី៣ដែលឈ្នះពានរង្វាន់ FWA ក្នុងរដូវកាលដំបូងរបស់គាត់ក្នុងបាល់ទាត់អង់គ្លេស ហើយខ្សែការពារចុងក្រោយដែលឈ្នះពានរង្វាន់នេះគឺអតីតកីឡាករ Steve Nicol របស់ Liverpool កាលពី៣២ឆ្នាំមុន។
ចំណែកខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមតោខៀវ Chelsea និងអង់គ្លេសកីឡាការិនី Fran Kirby បានឈ្នះពានរង្វាន់ FWA ផ្នែកស្ត្រីកាលពីដើមខែនេះដែរ ៕ដោយ៖ ភារៈ