ខេត្តប៉ៃលិន៖ នាដើមឆ្នាំនេះ ហាក់ដូចជាមានភ្លៀងច្រើនជាងឆ្នាំ២០២០ កន្លងទៅដោយហេតុនេះហើយធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង ខេត្តប៉ៃលិន ជាពិសេសស្រុកសាលាក្រៅ មានការសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការប្រកប្រកបមុខរកសិកម្ម។
សព្វថ្ងៃនេះមានអ្នកខ្លះ ព្រោះស្រូវ ខ្លះទៀតដាំពោតក្រហម និងដំឡូងមី ជាជាដើ និងដំណាំផ្សេងៗជាច្រើន។
ឆ្លើយតបនឹងសំណូរអ្នកកាសែតលោកកាវ ភិន អាយុ ៥៥ឆ្នាំ ជាកសិករ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន បានឱ្យដឹងថា គ្រួសារគាត់ បានដាំដំឡូងមីចំនួន ៦ហិកតា ដោយដាំបានរយ:ពេលជាង ១ខែមកហើយ។ ចាប់តាំងពីដាំដំឡូងមី រហូតមកដល់ពេលនេះ ដំណាំដំឡូងរបស់គាត់ ដុះលូតលាស់យ៉ាងល្អ មិនមានងាប់ដើមដូចឆ្នាំមុនៗ នោះទេ ព្រោះនៅដើមឆ្នាំ២០២១នេះ ភ្លៀងធ្លាក់ច្រើនជាងឆ្នាំមុន ខណ:តម្លៃទីផ្សារដំឡូងមី ក៏ឡើងខ្ពស់ជាងឆ្នាំមុន ដោយ ១គីឡូក្រាម ឈ្មួញទិញជាង ២បាត (ប្រាក់ថៃ)ឯណោះ។
លោកថា ក្រោយពីប្រមូលផលលក់ឱ្យឈ្មួញរួច បានប្រាក់យកសងជំពាក់បំណុលគេ គាត់ក៏ចាប់ផ្តើមជួលត្រាក់ទ័រភ្ជួរដីក្នុងចម្ការ ដាំដំឡូងមីសាថ្មីឡើងវិញ។
ជាជាមួយនេះគាត់ដឹងថា ប៉ុន្មានថ្ងៃមកនេះខាងធនធានទឹក និងឧតុនិយម ប្រកាសថា នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ គាត់សង្ឃឹមថាដំឡូងមីរបស់គាត់កាន់តែល្អ មិនបារម្ភខ្វះទឹកងាប់ដើមទេ។ បើសិនជាតម្លៃទីផ្សារនៅតែខ្ពស់ដដែលទៀត ពួកគាត់អាចនឹងសងជំពាក់បំណុលគេរួចរាល់ ហើយអាចនឹងសល់ថវិកាខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារដែរ។
ដោយឡែកលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន បានឱ្យដឹងថា របបទឹកភ្លៀងនាឆ្នាំ២០២១នេះ មានច្រើនជាងឆ្នាំ២០២០ ព្រោះភ្លៀងធ្លាក់ចាប់តាំងពីដើមឆ្នាំថ្មីនេះ ជាហូរហែមក ហើយក៏នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត មិនខ្វះទឹកនៅតាមដងស្ទឹង ឬអូរ ក៏ដូចជាទឹកភ្លៀងធ្លាក់ទៅលើដំណាំពោតក្រហម ដំឡូងមីនោះឡើយ។ ទឹកភ្លៀងមានអំណោយផល សម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផលដំណាំ មិនព្រួយបារម្ភងាប់ដើមនោះឡើយ។
លោកថា យ៉ាងណាបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុង និងស្រុក ត្រូវប្រុងប្រយ័ត្ននឹងភ្លៀងលាយខ្យល់កន្ត្រាក់ ផ្ទររន្ទះ ដោយខាងក្រសួង ក៏បានប្រកាសហើយថា នឹងមានករណីភ្លៀងលាយខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១៕