មន្ត្រីក្នុងខេត្ត Kivu ស្ថិតភាគខាងជើងសាធារណរដ្ឋកុងហ្គោ បានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស១៣នាក់ដែរបានស្លាប់ ក្រោយការផ្ទុះភ្នំភ្លើងកាលពីយប់ថ្ងៃទី២២ ខែឧសភាមក ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២៣ខែឧសភា អ្នកនាំពាក្យប្រធានាធិបតី លោក Njike Kaiko Guillaume បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារការផ្ទុះភ្នំភ្លើងបានព្យាយាមគេចចេញពីកំអែរភ្នំភ្លើង។ មកទល់ពេលនេះរដ្ឋាភិបាលកុងហ្គោមិនទាន់បានប្រកាសពីការខូចខាត ទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សនៅឡើយទេ។
កំអែរភ្នំភ្លើងឈប់ហូរចេញនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៣ខែឧសភា។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល បានអំពាវនាវដល់ពលរដ្ឋបន្តបញ្ចៀសសកម្មភាពមិនចាំបាច់នៅតំបន់ក្បែរភ្នំភ្លើង ដើម្បីបញ្ចៀសគ្រោះថ្នាក់កើតឡើង។គណៈប្រតិភូ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋកុងហ្គោ បានបញ្ជូនយន្តហោះ តាមដានសកម្មភាពព្រួសកំអែរភ្នំភ្លើង Nyiragongo ។
ភ្នំភ្លើង Nyiragongo មានកម្ពស់ ៣ពាន់ម៉ែត្រ បានចាប់ផ្តើមព្រួសកំអែរនៅវេលាម៉ោង ១៩ យប់ថ្ងៃទី២២ខែឧសភា បង្កឲ្យមាន ផ្សែងគ្របដណ្តប់ពេញដែនអាកាស ផ្ទៃមេឃពណ៌ក្រហម ដោយសារតែកំអែរភ្នំភ្លើង។ រដ្ឋាភិបាលបានចេញបញ្ជាឲ្យពលរដ្ឋនៅទីក្រុង Goma ភៀសខ្លួនចេញពីផ្ទះទៅកាន់តំបន់មានសុវត្ថិភាព។ មុនពេលទទួលបានបទបញ្ជារឲ្យភៀសខ្លួន ក៏មានពលរដ្ឋដល់ទៅជាង៣ពាន់នាក់ បានរត់ទៅកាន់ប្រទេសជិតខាង Rwanda ដើម្បីបញ្ចៀសគ្រោះថ្នាក់។
កាលពីឆ្នាំ២០០២ ភ្នំភ្លើងខាងលើនេះក៏បានព្រួសកំអែរ សម្លាប់មនុស្សជាង ១០០នាក់ដែរ ។ នៅឆ្នាំ១៩៧៧ ក៏បានផ្ទុះព្រួសកំអែរសម្លាប់មនុស្សដល់ទៅ៦០០នាក់ទៀត៕
រូបភាព៖ TTXVN