ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១ គឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញដាក់ឱ្យដំណើរការផ្សាររដ្ឋទាំង២៥លក់ដូរឡើងវិញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការតាំងពីអំឡុងខែ មេសាកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ទន្ទឹមនឹងការបើកឱ្យដំណើរការឡើងវិញនៅថ្ងៃទី២៤ ឧសភា ដោយយោងទៅលើសេចក្តីជូន ដំណឹងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ឃើញថា នៅតាមបណ្តាផ្សាររដ្ឋនានា នៅក្នុងរាជធានីបានដំណើរការលក់ដូរមមាញឹកឡើងវិញហើយ ជាមួយនិឹងការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ដើម្បីសុវត្ថិភាពគណ:កម្មការផ្សារនីមួយៗ ក៏តម្រូវឱ្យអនុវត្តវិធានសុខាភិបាលក្នុងថ្ងៃបេីកផ្សារលក់ឡេីងវិញនេះដែរដើម្បីជៀសឱ្យបាននូវការឆ្លងកូវីដ-១៩។ នៅថ្ងៃបើកផ្សារនេះដែរលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោកឃួង ស្រេង អភិបាលរាជធានី ក៏បានចុះត្រួតពិនិត្យស្ថានភាពក្នុងផ្សារ ទួលទំពូង ខណ្ឌចំការមន និងបានជំរុញឱ្យគណ:កម្មការគ្រប់គ្រងផ្សារទួលទំពូង អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ។
លោកស្រីអភិបាលរងរាជធានី ក៏បានណែនាំឱ្យមានការផ្សព្វផ្សាយតាមរយ:សារសំឡេងអប់រំនិងវាស់កម្តៅនៅតាមច្រកចេញចូលផ្សារនីមួយៗ និងត្រូវរក្សាគម្លាតពីគ្នាជាចាំបាច់ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បេីតាមប្រធានគណៈកម្មការគ្រប់គ្រងផ្សារជម្ពូវ័ន លោក លាប ប៊ុណ្ណារិទ្ធ បានបញ្ជាក់ថា ផ្សារជម្ពូវ័នជាផ្សាររដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៏សែនជ័យ ក៏បានរៀបចំឲ្យអាជីវករចូលលក់ដូរដូចផ្សារ នានាដែរ ហើយគណៈកម្មការផ្សារបានរៀបចំជាសារសំឡេងអប់រំដល់អាជីវករ មានមេក្រូដាក់នៅមាត់ច្រកចេញ-ចូល មានអាល់កុល និងម៉ាស៊ីនវាស់កម្ដៅ ជាប្រចាំផងដែរ ។
ដោយឡែកនៅផ្សារទួលទំពូងវិញក៏បានរៀបចំដូចផ្សារជម្ពូវ័នដែរ គឺចាប់ផ្តេីមបេីកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចូលផ្សារចំនួន៥ ត្រូវបានបេីកទ្វារ សម្រាប់អាជីវករបានលក់ដូរទំនិញឧបភោគបរិភោគ ដោយនៅតាមច្រកចេញចូល គណៈកម្មការផ្សារ ក៏បានចាត់ចែងឱ្យមានកម្លាំងសន្តិសុខ ជួយសម្រួល ដោយការបាញ់កម្តៅ លាងដៃនឹងអាល់កុល និងធ្វេីការស្កេន QRកូដផងដែរ មុននឹងអនុញ្ញាតឱ្យអាជីវករចូលលក់នៅក្នុងផ្សារ។
គណៈកម្មការផ្សារបានឲ្យដឹងថា៖ ក្រៅពីអនុវត្តវិធានសុខាភិបាលហើយនៅតាមច្រកក៏មានដាក់មេក្រូបំពងសំឡេងស្តីពីសារអប់រំនិងមានការដេីរផ្សព្វផ្សាយតាមមេក្រូដល់អ្នកលក់និងអ្នកទិញផងដែរ ដោយដាច់ខាតត្រូវតែអនុវត្តតាមវិធាន៣កាពារ ៣កុំ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោក ចំរេីន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូងបានឱ្យដឹងថា ក្នុងផ្សារទួលទំពូងមានតូបចំនួន១៣៧៤តូប ហេីយសម្រាប់ថ្ងៃបេីកលក់ជាថ្មីមានអាជីរករមកលក់ដូរប្រមាណ៥០ភាគរយ។ លោកបានបញ្ជាក់ផងដែរថា ក្រុមអាជីវករដែលលក់ដូរនៅ
ក្នុងផ្សារទួលទំពូង ក៏បានចាក់វ៉ាក់សាំងបានប្រមាណ១១០០នាក់ហើយដែរ។
ដោយឡែកសម្រាប់ផ្សារ បឹងកេងកង វិញ លោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានបញ្ជាក់ឱ្យដឹងដែរថា នៅផ្សារបឹងកេងកងបានបើកដំណើរការហើយនៅព្រឹកថ្ងៃទី២៤ឧសភានេះ ប៉ុន្តែលក់តែគ្រឿងហូបចុកប៉ុណ្ណោះ ដោយអាជីវករមក លក់ដូរចំនួន ៧៦ តូប។
ជាមួយគ្នានោះលោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានបញ្ជាក់ផងដែរថា ផ្សារច្បារអំពៅមានបងប្អូនអាជីវករមកលក់ ប្រមាណ២០ភាគរយប៉ុណ្ណោះ ដោយលក់ដូរជាគ្រឿងហូបចុក ។
ដោយឡែកលោកស្រីប៉ុន ដានី ប្រធានគណៈគ្រប់គ្រងផ្សារធំថ្មីបានឱ្យដឹងថា នៅថ្ងៃបើកដំណើរការលក់ដូរនៅថ្ងៃទី ២៤ខែ ឧសភា ឆ្នាំ ២០២១ ចាប់ពីម៉ោង ៥:៣០នាទីព្រឹកគិតរហូតដល់ម៉ោង ១១:៣០នាទីផ្សារធំថ្មីបានចាប់បើកថ្ងៃដំបូងផ្នែកគ្រឿងឧបភោគ បរិភោគមានតូបនិងគ្រែចល័តសរុប ៦២៥ មកលក់បាន ១២៥តូប និងគ្រែចល័ត ។
លោកស្រីប្រធានផ្សារធំថ្មីឱ្យដឹងទៀតថា សម្រាប់ផ្សារធំថ្មីបានបើកច្រកចំនួនប្រាំបីច្រក មានកម្លាំងសន្តិសុខឈរជើងចំនួន ៣១នាក់ និង សន្តិសុខ២៥នាក់ទៀតដើរចល័តចុះឡើងមានឧបករណ៍វាស់កម្តៅ បាញ់អាល់កុល រក្សាគម្លាត ផ្សព្វផ្សាយឱ្យពាក់ម៉ាស់ ស្គេនQR code មុនចូលក្នុងផ្សារ។ផ្សារមានឧបករណ៍វាស់កម្តៅចំនួន២០គ្រឿង ។ផ្សារប្រើប្រាស់អាល់កុលក្នុងមួយថ្ងៃអស់ ២០លីត្រ ។ ផ្សារដាក់ឧបករណ៍បំពងសំឡេងចំនួន ៦គ្រឿង,អតិថិជនចូលផ្សារបានចំនួន ៧៧៥នាក់ ។ ក្នុងនោះដែរលោកស្រីប្រធានបានណែនាំអាជីវករឱ្យអនុវត្ត បីការពារ បីកុំ ជាប្រចាំ៕
ដោយ៖ សំរិត