ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនដោយ អនុវត្តតាមដីកាបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពីបទឃាតកម្មនិងលួចមានស្ថានទម្ងន់ទោស នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទី ថ្ងៃត្រង់ នៅចំណុចផ្ទះជួល តាមផ្លូវលំ ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាន+ប៉ុស្តិ៍បានធ្វើការស្រាវជ្រាវតាមដីកាបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ឈ្មោះ ជា សារ៉ាន់ ហៅ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល តាមផ្លូវលំក្នុងភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរគ្មាន(មានសារធាតុញៀន) ដោយអនុវត្តតាមដីកាបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៨៦៥«ង១»ដ.ជ.ន របស់ចៅក្រមជំនុំជម្រះលោក ហន សុខខេមរិន្ទ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ពីបទឃាតកម្មនិងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅមុខរោងចក្រផលិតមីយើង ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២៕
ដោយ៖ ជីណា