បើកឡំប្រឺតាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលបើកឡំប្រឺតាក្នុងល្បឿនលឿនហើយជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង៤០ នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះគង់ គឹមស៊ុន អាយុ៤៨ឆ្នាំ ប្រកបមុខរបរជាអ្នករត់ឡំប្រឺតា ស្នាក់នៅម្ដុំផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង ជាប្រភេទរថយន្តសណ្ដោងទូកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3B-7425ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីក្នុងក្រុមហ៊ុនផែស្ងួតតេងឡាយ តាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានឡំប្រឺតាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IM-5598បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តកុងតឺន័របានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងឡំប្រឺតាទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print