ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់ទ្វារផ្ទះគេលួចយកទ្រព្យសម្បត្តិនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១ នៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ពៅ ខេមរិន ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវបេតុងភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ូ ហាន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល តាមផ្លវបេតុង ក្នុងក្រុុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងទៀតថា នៅថ្ងៃកេីតហេតុជនសង្ស័យបានដើរមកផ្ទះជនរងគ្រោះក្នុងគោលបំណងលួចទ្រព្យសម្បត្តិ។ពេលមកដល់ឃើញមានសភាពស្ងប់ស្ងាត់ ជនសង្ស័យក៏បានយកដែកសរសៃលួសកែច្នៃមកឆ្កឹះសោទ្វារផ្ទះ
ចូលទៅលួចសម្ភារ រួចបានគេចខ្លួនមកផ្ទះជួលដែលខ្លួនស្នាក់នៅវិញ។ លុះដល់ម៉ោង៨ព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យ នៅផ្ទះជួលក្នុងក្រុម៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ និងនាំយកមកប៉ុស្តិ៍រដ្ឋបាលច្រាំងចំរេះ១ដើម្បីធ្វើការសាកសួរ។
សម្ភារដកហូតរួមមាន៖
១.លោហធាតុពណ៌លឿងទុំចំនួន១ខ្សែ
២.លោហធាតុពណ៌លឿងទុំ(ខ្សែដៃ)ចំនួន១ខ្សែ
៣.បណ្តោងដាំត្បូងចំនួន១
៤.ទូរស័ព្ទ១គ្រឿងម៉ាកHiyaពណ៌ខ្មៅគ្មានសុីម
៥.ដែកលួសសរសៃកែច្នៃចំនួន១
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ