ប្រជាពលរដ្ឋឃុំបាសាក់ ស្រុកស្វាយជ្រំសប្បាយចិត្តទទួលបានសមិទ្ធផលបង្គោលភ្លើងផ្ទាំងសូឡាថ្មីសម្រាប់បំភ្លឺផ្លូវលេខ៣១៤Cពីលោកអនុប្រធានក្រុមការងារចុះជួយឃុំបាសាក់ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក្នុងឃុំបាសាក់ក៏ដូចជាបងប្អូនដែលធ្វើដំណើរឆ្លងកាត់ពេលយប់តាមផ្លូវលេខ៣១៤C
មានចិត្តសប្បាយរីករាយនិងសាទរយ៉ាងក្រែលែងចំពោះលោកអនុប្រធានក្រុមការងារចុះជួយឃុំបាសាក់និងក្រុមការងារដែលបានផ្ដល់ជាសមិទ្ធផលថ្មីផ្ទាំងសូឡាដាក់បំភ្លឺផ្លូវសាធារណៈនិងដាំដើមក្ងោកអមសងខាងផ្លូវឱ្យមានសោភណភាពស្រស់បំព្រង។

លោកថោង សាមាន ប្រធានមន្ទីរផែនការខេត្តនិងជាអនុប្រធានក្រុមការងារចុះជួយឃុំបាសាក់ ស្រុកស្វាយជ្រំបានឱ្យដឹងថា ដោយមានការអនុញ្ញាតនិងគាំទ្រពីសំណាក់លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀងទើបលោកបានផ្ដួចផ្ដើមនិងកៀរគរបានសប្បុរសជនក៏ដូចជាបងប្អូនមិត្តភក្តិផ្ដល់ជាថវិកាយកទៅទិញផ្ទាំងសូឡាដើម្បីដាក់បំភ្លឺកំណាត់ផ្លូវលេខ៣១៤C និងផ្លូវបេតុងឆ្ពោះទៅរមណីយដ្ឋានប្រាសាទបាសាក់ចំនួន៣៧ដើមសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ពេលយប់ងងឹតដោយមិនមានការភ័យព្រួយ។

លោកថោង សាមាន បន្តថា ការដាក់ផ្ទាំងសូឡាដើម្បីបំភ្លឺផ្លូវសាធារណៈលើកំណាត់ផ្លូវលេខ៣១៤C គឺចាប់ពីទីកន្លែង
ស្ងាត់គ្មានមនុស្សរស់នៅ ស្ថិតនៅត្រង់វត្តកោះជុំ ទៅត្បូងរហូតដល់ភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ  (ថ្នល់រំចេក) និងផ្លូវបេតុងឆ្ពោះទៅរមណីយដ្ឋានប្រាសាទបាសាក់។
លោកបានបន្ថែមថា មិនតែប៉ុណ្ណោះលោកនិងក្រុមការងារក៏បានដាំដើមក្ងោក ប្រមាណ២០០ដើមជាង២ឆ្នាំមកហើយដើម្បីឱ្យតាមដងផ្លូវមួយនេះរឹតតែមានសោភណភាពស្រស់បំព្រងបន្ថែមទៀត។
លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តដែលមានលោកម៉ែន វិបុល ជាអភិបាលខេត្តក៏ដូចជាសប្បុរសជននានាដែលបានរួមចំណែកចំណាយជាថវិកាក្នុងការទិញអំពូលភ្លើងសូឡាបំភ្លឺតាមបណ្ដោយផ្លូវលេខ៣១៤C ជាចំណងដៃជូនប្រជាជននៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងដើម្បីផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នាផងដែរ៕

...

ដោយ៖  យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print