ខេត្តស្វាយរៀង៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អំពាវនាវដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការនីរោងចក្រ គួរតែធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ មិនគួរទៅចម្លងរោគដល់ក្រុមគ្រួសារឬឪពុកម្ដាយបងប្អូនរបស់ខ្លួននោះទេ។
ការអំពាវនាវនេះបានធ្វើឡើងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាស
លោកបណ្ឌិត កែរ រដ្ឋា
ចុះពិនិត្យការងារយកសំណាកលើកទី៣ ដល់កម្មករ កម្មការនីរោងចក្រយូលី១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិត ។
លោកបណ្ឌិត កែរ រដ្ឋា បានអោយដឹងថាចាប់តាំងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយកសំណាកបានយកសំណាកកម្មករ កម្មការនី ចំនួន ២.៥១១នាក់ និងបានរកឃើញករណីវិជ្ជមានចំនួន ៣៤៨នាក់។ រោងចក្រចំនួន ៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ដែលបានយកសំណាក មានរោងចក្រ យូលី១ រោងចក្រ ប៊្យូលធីហ្វូលវីនដូ និងរោងចក្រ អូខ្លូត តំបន់សេដ្ឋកិច្ចពិសេស មេនហាធិន មានរោងចក្រ សាន់ ហ្វេង រោងចក្រ ម់ូរ៉ូហ្វូជី និងរោងចក្រ យូធីឡាយ ហើយនិងតំបន់សេដ្ឋកិច្ចពិសេស តាយសេង មានរោងចក្រ អេអិនជេ ។
ចំពោះប្រភពចម្លងមានការពិបាកសន្និដ្ឋាន ដោយសារករណីខ្លះ ប្តីប្រពន្ធធ្វើការរោងចក្រផ្សេងគ្នា បើមានវិជ្ជមាន នឹងចម្លងគ្នា ហើយចម្លងទៅរោងចក្រផ្សេងទៀត ប៉ុន្តែមានរោងចក្រខ្លះ ថៅកែរោងចក្រអនុវត្តតាម SOP ត្រឹមត្រូវ ឃើញថាពុំមានការចម្លងទេ ។
លោកបណ្ឌិត កែរ រដ្ឋា ប្រសិនបើបងប្អូនកម្មករធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ វាពិបាកតែម្នាក់ឯង ប៉ុន្តែបើសិនជាត្រលប់ទៅផ្ទះ នឹងអាចចម្លងរោគដល់ច្រើនគ្នា និងអាចមន្ត្រីជំនាញយកអ្នកពាក់ព័ន្ធជាច្រើននាក់ទៅធ្វើចត្តាឡីស័ក ។
លោកបណ្ឌិត បានកោតសរសើរដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការនី មួយចំនួនដែលស្នើសុំធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ ដោយសារពួកគាត់យល់ដឹងច្រើន មិនចង់ចម្លងរោគដល់ក្រុមគ្រួសាររបស់ពួកគាត់ ហើយពួកគាត់បានបញ្ជាក់ថា នៅក្នុងរោងចក្រ ត្រូវបានថៅកែរោងចក្រគិតគូរតាំងពីការហូបចុក និងកន្លែងស្នាក់នៅ និងមិនមានការកាត់ប្រាក់ខែទៀតផង ។
លោកក៏បានពាំនាំនូវពាក្យផ្តាំផ្ញើពីសំណាក់លោកស្រីកិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត សូមកម្មករ កម្មការនី រោងចក្រ គោរពឱ្យបាននូវវិធានការចត្តាឡីស័កដែលក្រសួងសុខាភិបាលដាក់ចេញ ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ។
លោកបណ្ឌិត បានបន្ថែមថា រហូតដល់ថ្ងែនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួនសរុប ៨២០នាក់ ស្រី ៤៧៧នាក់ (ជនជាតិខ្មែរ: ៧៨២នាក់,ជនជាតិបរទេស: ៣៨នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប: ៣៧៨នាក់ ស្រី ១៥៤នាក់ អ្នកជំងឺស្លាប់០៥នាក់ ជាជនជាតិខ្មែរ ។
ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាពចំនួន៤,៣៦៥នាក់ ស្រី ១,២៧៧នាក់សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន៤,៣៨៨នាក់ ក្នុងនោះ អ្នកបញ្ចប់ការធ្វើចត្តាឡីស័កសរុប៤,៣១៨នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួន៧០នាក់ផងដែរ៕
ដោយ៖ យឹម សុថាន