ខេត្តកំពង់ស្ពឺ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជនរងគ្រោះជិះម៉ូតូធ្វើដំណើរតាមដងផ្លូវហើយត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់កាបូបពីរូបនាងបណ្ដាលឲ្យដួលម៉ូតូបោកទៅនឹងថ្នល់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០នឹង៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខធនាគារអម្រឹត ក្នុងទីរួមខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះឲ្យដឹងថា មុនពេលហេតុការណ៍នេះគាត់បានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1AK-6956 ខណៈពេលមកដល់ចំណុចមុខធនាគារអម្រឹត ខេត្តកំពង់ស្ពឺ ស្រាប់តែមានជនសង្ស័យរួមនឹងបក្សពួកជិះម៉ូតូមកក្បែរហើយបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបណ្ដាលឱ្យដួលម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែង ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមៗផងដែរដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីឃាត់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់បានទំនាក់ទំនទៅក្រុមគ្រួសារនិងសាច់ញាតិឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ