ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហេីយត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូដល់ផ្លូវបំបែកជាបួនត្រូវរថយន្តស៊េរីទំនេីប Tundra បុកពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៥៧ កែងផ្លូវ៣០២ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បេីតាមប្រភពពីសន្ដិសុខដែលប្រចាំការនៅក្បែរកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគាត់ឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BF-5390 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥៧ ទិសដៅពីត្បូងមកជេីង ក្នុងល្បឿនល្មម ខណៈមកដល់ផ្លូវបំបែកជាបួងត្រង់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-8916 ដែលបេីកបរដោយជនជាតិចិន ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣០២ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿនល្មម និងមិនប្រយ័ត្នក៏បានបុកម៉ូតូហុងដាឌ្រីម ជិះដោយបុរសម្នាក់ បណ្ដាលឲ្យដួលខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ រីឯម៉ូតូក៏រងការខូចខាត ។
ប្រភពដដែលបានបន្ថែមថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីរថយន្តបង្កដែលជាជនជាតិចិនមិនបានបេីករថយន្តរត់គេចនោះទេ ផ្ទុយទៅវិញគឺអែបរថយន្តឈប់ហេីយបានជួយជនរងគ្រោះ និងទៅពិនិត្យមេីលជនរងគ្រោះដល់មន្ទីរពេទ្យផងដែរ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ ហេីយឲ្យតំណាងភាគីរងគ្រោះ និងភាគីបង្កធ្វេីការសម្របសម្រួលគ្នា ដោយភាគីបង្កព្រមចេញថ្លៃព្យាបាលទាំងស្រុង និងការខូចខាតម៉ូតូរបស់ជនរងគ្រោះដេីម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ