ខេត្តស្វាយរៀង៖ លោកសរសុដានីអភិបាលរងក្រុងស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំបំពានការសាងសង់សំណង់ផ្សេងៗរំលោភលើដីសាធារណ:និងត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នាទើបក្នុងក្រុងស្វាយរៀងមានសោភណ្ឌភាព សណ្តាប់ធ្នាប់ ល្អ។
ការអំពាវនាវបែបនេះរបស់លោកសរសុដានី អភិបាលរងតំណាងលោកអភិបាលក្រុង ធ្វើឡើងនៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១ ក្នុងការចុះពិនិត្យការសាងសង់សំណង់របស់ប្រជាពលរដ្ឋក្នុង ភូមិចំបក់ សង្កាត់ចេកក្រុងស្វាយរៀង។
ការចុះពិនិត្យសំណង់នេះមានការចូលរួមពីលោកញឹមសាំ ចៅសង្កាត់ចេកមន្ត្រីភូមិបាលក្រុងនិងមន្ត្រីដែលពាក់ពន្ធ័ព្រមទាំងម្ចាស់សំណង់ផងដែរ។
លោកបានបន្តថា មុននឹងសាងសង់សំណង់ផ្សេងៗសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋអញ្ជើញមកស្នើរសុំច្បាប់អនុញ្ញាតិនៅច្រក ចេញ-ចូល តែមួយ នៅសាលាក្រុងស្វាយរៀង ដើម្បីបងប្អូនទទួលបាននូវការប្រឹក្សាយោបល់ពីមន្ត្រីជំនាញដើម្បីធានាថាសំណង់បងប្អូនស្របច្បាប់ហើយមិនធ្វើអោយប៉ះពល់ដល់ផលប្រយោជន៍បងប្អូនទៅថ្ងៃក្រោយ។
លោកបន្ថែមថា ហើយក៏ចុះមកថ្ងៃនេះក្នុងនាមរដ្ឋបាលក្រុងស្វាយរៀងសូមថ្លែងអរគុណចំពោះបងប្អូនដែលព្រមទទួលយកដំណោះរបស់ក្រុមការងារយើងខ្ញុំហើយបានអនុវត្តភាពជាគំរូល្អដល់បងប្អូនដទៃទៀត ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ លើកកម្ពស់សោភណ្ឌភាព សណ្តាប់ធ្នាប់ នៅក្នុងក្រុងយើងខេត្តយើង ហើយសូមបងប្អូនបញ្ឈប់ការយកគំរូមិនល្អរបស់បងប្អូនមួយចំនួនហើយចង់បណ្តោយខ្លួនទៅធ្វើរឿងខុសតាមគេដែរ និងសូមយកភាពជាគំរូល្អហើយអនុវត្តអោយបានគ្រប់ៗគ្នាទើបជាពលរដ្ឋល្អក្នុងសង្គមជាតិ ក្រុមការងារយើងខ្ញុំអនុវត្តគឺដើម្បីការពារផលប្រយោជន៍បងប្អូន ហើយជួយបងប្អូនកុំអោយខុសកាន់តែធ្ងន់ យើងធ្វើដោយតម្លាភាព ស្មើភាពគ្នា ។
លោកបានបន្ថែមថា សូមបងប្អូនពុកម៉ែកុំភ្លេចអនុវត្តជាប្រចាំ ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ខណៈជំងឺនេះបានឆ្លងចូលសហគមន៏របស់យើងហើយនិងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពិសេសបើមិនមានការចាំបាច់សូមកុំចេញពីផ្ទះអោយសោះ៕
ដោយ៖ យឹម សុថាន