ខេត្តស្វាយរៀង៖ អំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារមួយចំនួនត្រូវបានលោកលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ចុះជួយឧបត្ថម្ភសង្កាត់គយត្របែក បានយកមកប្រគល់ជូនដល់ប្រជាពលរដ្ឋ ចំនួន០៨គ្រួសារ ដើម្បីជួយសម្រាលបន្ទុក កំឡុងពេលជាប់ធ្វើចត្តាឡីស័ក។
ការប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារមួយចំនួនបានធ្វើឡើងនារសៀលថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកចៅសង្កាត់និងក្រុមការងារយុវជនគណបក្សរបស់មន្ទីរ
ជាច្រើននាក់ផងដែរស្ថិតនៅសង្កាត់គយត្របែកក្រុងស្វាយរៀង។
លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ចុះជួយឧបត្ថម្ភសង្កាត់គយត្របែក បានអោយដឹងថាអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារ ដែលយកមក ជូនដល់ប្រជាពលរដ្ឋ ចំនួន០៨គ្រួសារ ដើម្បីជួយសម្រាលបន្ទុក កំឡុងពេលជាប់ធ្វើចត្តាឡីស័ក ដោយក្នុង ០១គ្រួសារៗ ទទួលបានអង្ករ ចំនួន ១បាវ (២៥គីឡូក្រាម)មី ចំនួន ១កេះ ទឹកត្រី ចំនួន ១យួរទឹកស៊ីអៀវ ចំនួន ១យួរ
ត្រីខកំប៉ុង ចំនួន ១យួរម៉ាស់ ចំនួន ១ប្រអប់ អាល់កុល ចំនួន ១លីត្រ
ទឹកបរិសុទ្ធ ចំនួន ៣យួរ ។
ឱកាសនោះលោកនួន លីហួន ក៏បានស្នើដល់អាជ្ញាធរសង្កាត់ និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះបងប្អូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកក៏ បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នាពេលនេះ ចូលរួមការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ ឱ្យជាប់ជានិច្ចតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងតាមវិធានក្រសួងសុខាភិបាលផងដែរ។
បន្ទាប់មក រដ្ឋបាលសង្កាត់គយត្របែក បាននាំយកលិខិតថ្លែងអំណរគុណរបស់រដ្ឋបាលខេត្តស្វាយរៀង ប្រគល់ជូនលោក នួន លីហួន ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ចុះជួយឧបត្ថម្ភសង្កាត់គយត្របែក ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ជួយកសាងរបងសាលាសង្កាត់គយត្របែក រួចរាល់ជាស្ថាពរផងដែរ៕
ដោយ៖ យឹម សុថាន