ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានជំរុញជាថ្មីទៀតទៅមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បង្កើនសកម្មភាពថែមទៀត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ដោយត្រួតពិនិត្យការអនុវត្តច្បាប់ និងផាកពិន័យចំពោះអ្នកបើកបរមិនគោរពច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងសេចក្តីជូនដំណឹងរបស់ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃ ចុះកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា អ្នកប្រើប្រាស់ផ្លូវមួយចំនួននៅតែមានការធ្វេសប្រហែស ឬខ្ជីខ្ជា មិនអើពើចំពោះការអនុវត្តច្បាប់ ដូចជា ការជិះទោចក្រយានយន្តមិនពាក់មួយសុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង មិនគោរពសិទ្ធិអាទិភាព និងការដឹកជញ្ជូនលើសចំណុះ។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញទៅមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់បន្តអនុវត្ត ច្បាប់ ដោយធ្វើការផាកពិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកដែលមិនគោរពច្បាប់ទាំងនោះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាអតិបរមា៕ វិបុល