លោក ឃួង ស្រេង៖ រាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែងតែ២ភូមិនៅក្នុងខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ រក្សាជាតំបន់លឿងទុំដដែល

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សម្រាប់១សប្តាហ៍ទៀតនេះ ពោលគឺចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១ រាជធានីភ្នំពេញនៅតែរក្សាតំបន់លឿងដដែល លើកលែងតែ២ភូមិនៅក្នុងខណ្ឌឫស្សីកែវនិងខណ្ឌពោធិ៍សែន ជ័យ ដោយ២ភូមិនេះ គឺនៅតែរក្សាជាតំបន់លឿងទុំដដែល ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយទៀត។
នេះបើតាមការលើកឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ជាមួយអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេងនេះ លោក និងលោកស្រីជាអភិបាលខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់ខណ្ឌ និងបានស្នើសុំឱ្យមូលដ្ឋានខណ្ឌរបស់ខ្លួនរក្សា នៅជាតំបន់លឿងដដែលលើកលែងតែ២ភូមិប៉ុណ្ណោះសុំរក្សានៅជាតំបន់លឿងទុំ នោះគឺនៅសហគមន៍AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងភូមិព្រៃទា សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដោយសារតែភូមិទាំង២នេះកំពុងប្រឈមនឹងហានិភ័យខ្ពស់នៅឡើយ។
លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ពង្រឹងការងារឱ្យបានម៉ត់ចត់បំផុតលើការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ចំពោះតំបន់លឿងទុំ២ភូមិខាងលើត្រូវតែម៉ឹងម៉ាត់ដើម្បីកាត់ផ្តាច់កូវីដ-១៩ ទៅតំបន់ផ្សេងទៀត។ ចំពោះតំបន់លឿងដែលបើកឱ្យដំណើរការជាប្រក្រតីភាពឡើងវិញនោះ ក៏ត្រូវតែម៉ឹងម៉ាត់ដែរ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបានទទួលព័ត៌មានថា មានទីតាំងខ្លះមានលួចបើការ៉ាអូខេ ម៉ាស្យា ល្បែងស៊ីសងហើយ ពិសេសខណ្ឌនៅជាយក្រុង ដូច្នេះសូមលោក និងលោកស្រីជាអភិបាលខណ្ឌ ត្រូវចុះបង្ក្រាបឱ្យខាងតែបាន ព្រោះមានហានិភ័យខ្ពស់ណាស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ម្ចាស់ទីតាំងនឹងប្រឈមមុខ បញ្ជូនទៅតុលាការអនុវត្តទោសទៅតាមច្បាប់ បើការលួចលាក់បើកទីតាំងទាំងនោះ បានឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។
លោកឃួង ស្រេង បានមានប្រសាសន៍ទៀតថា ក្នុងរយៈពេលជាង៣ខែនេះ យើងហត់នឿយណាស់ហើយ ក្នុងកិច្ចការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ដូច្នេះយើងត្រូវតែរួមគ្នាកុំឱ្យស្ថានភាពនោះវិលមកជាថ្មីឡើងវិញឱ្យសោះ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print