ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២ ខែមិថុនាឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន នាយកសាលាពលទាហាន យោធភូមិភាគពិសេស បានទទួលយកអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ទៅជូន រួមមាន អង្ករ ប្រេងឥន្ធន: និង ថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ នៅសាលាពលទាហាន យោធភូមិភាគពិសេស ក្នុងកំពង់ឆ្នាំង។
ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់ លោកមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ដល់ការអភិវឌ្ឍនធនធានមនុស្សដើម្បីធានាបាននូវគុណភាពនៃបរិមាណ តាមរយៈការបណ្តុះបណ្តាល និងលើកកម្ពស់សម្ថភាពរបស់យោធិនគ្រប់រូប ព្រមទាំងថ្នាក់ដឹកនាំ យោធាចារ្យ និង សិក្ខាកាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន។
មានប្រសាសន៍ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន តាងនាមឲ្យថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមនៃសាលាពលទាហាន យោធភូមិភាគពិសេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមេបញ្ជាការ និង លោកស្រីដែលជានិច្ចជាកាលតែងគិតគូរ ដល់សុខទុក្ខ និងសុខុមាលភាពរបស់យោធិនដែលបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយចីរភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់យើង៕
ដោយ៖ សូរិយា