រដ្ឋបាលរាជធានីភ្នំពេញ ក្រោមជំនួយចៃកា JICA បានដាក់ឱ្យដំណើរការម៉ាសុីនកាយសំរាមស្វ័យប្រវត្តិ ចម្រឹងដែកទប់សំរាមនៅស្ថានីយបូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជា អភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយលូ ការស្ថាបនាលូថ្មីៗដែលមានទំហំមុខកាត់១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់២ម៉ែត្រកន្លះជាដើម ។ បន្ថែមពីលើនេះទៀត រដ្ឋបាលរាជធានីភ្នំពេញនៅបានសហការជាមួយអង្គការចៃកា ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗទៀត ដើម្បីរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញនេះផងដែរ។
ជាក់ស្ដែងសម្រាប់ពេលនេះអាជ្ញាធររាជធានីភ្នំពេញ បានការសហការជាមួយអង្គការចៃកាដាក់ឱ្យដំណើរការម៉ាសុីនកាយប្រមូលសំរាមស្វ័យប្រវត្តិ ចម្រឹងដែកទប់សំរាមស្ថានីយបូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ ដើម្បីឱ្យលំហូរទឹកអាចហូរបានទាន់ពេលមកកាន់ស្ថានីយបូម និងអាងស្តុកទឹកក្រោមដី កាត់បន្ថយបានទឹកជន់លិចនៅរដូវវស្សានេះ។
មន្ត្រី​នៃមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​បានឱ្យ​ដឹងថា​ លោក Toshika zu TOKIOKA លេខាទី១ស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១ បានដាក់ឲ្យដំណើរការម៉ាសុីនកាយប្រមូលសំរាមស្វ័យប្រវត្តិមុខស្ថានីយបូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ ដោយសារសំរាមជាឧបសគ្គបាំងបិទសម្រាស់ស្ថានីយ ធ្វើឱ្យលំហូរទឹកមិនអាចហូរទាន់ពេលមកដល់ស្ថានីយបូម និងអាងស្តកទឹកក្រោមដី។
​ មន្ត្រី​​រដ្ឋបាលរាជធានីបានបញ្ជាក់ថា​៖ គិតមកដល់ពេលនេះ ម៉ាសុីនកាយប្រមូលសំរាមស្វ័យប្រវត្តិថ្មីចំនួន៤កន្លែង ក្នុងចំណោម៥កន្លែងបានដាក់ឱ្យដំណើរការ ដែលនឹងកាត់បន្ថយទឹកជន់លិចនៅតំបន់មុខព្រះបរមរាជវាំង ផ្សារកណ្តាល ផ្សារថ្មី វាលមេរុហ៍ ផ្លូវលេខ១៩ ផ្លូវលេខ១៥៤ ផ្លូវលេខ១៤៤ ផ្លូវលេខ១៣ និងមួយផ្នែកតំបន់ខាងកើតនិងខាងត្បូងវត្តភ្នំ ក្នុងខណ្ឌដូនពេញ ។
នេះជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤របស់អង្គការចៃកា។
គួរបញ្ជាក់ថា៖ គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ ខែមិីនា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤របស់ចៃកានេះមានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិកស្វ័យប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក។ ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខណ្ឌទួលគោកជាដើម៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print