យ៉ាងហោចណាស់ក៏មានមនុស្ស១៤នាក់ស្លាប់ដែរនៅក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើស្ថានីយប្រេងសាំងក្នុងទីក្រុង Marib ប្រទេសយេម៉ែននាថ្ងៃទី ៦ខែមិថុនា ។ ការវាយប្រហារបង្កឡើងដោយក្រុមហ៊ូធី ហើយអ្នកស្លាប់គឺជាពលរដ្ឋស្លូតត្រង់។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការវាយប្រហារដោយកាំជ្រួចមីសុីលនោះក្រៅពីអ្នកស្លាប់ក៏មានមនុស្សរាប់សិបនាក់រងរបួសដែរដែលភាគច្រើនគឺរលាកភ្លើង។ ចំណែកសារព័ត៌មាន Sputnik បានផ្សាយថា មានមនុស្ស១២នាក់ស្លាប់ និង៧នាក់រងរបួស ភាគច្រើនជាពលរដ្ឋស្លូតត្រង់ ។
សារព័ត៌មាន SABA របស់យេម៉ែនបានផ្សាយថា ក្រោយការវាយប្រហារទៅលើស្ថានីយប្រេង ក្រុមឧទ្ទាមក៏បានប្រើប្រាស់ យន្តហោះគ្មានមនុស្សបើកដែរ ដោយបាញ់ចំរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះទៅមន្ទីរពេទ្យ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍យេម៉ែន លោក Moammar Al-Eryani បានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារខាងលើពីកម្លាំងក្រុមហ៊ូធី។ នៅពេលនេះដែរក្រុមហ៊ូធីមិនទាន់មានប្រតិកម្មអ្វីជុំវិញការវាយប្រហារខាងលើនោះឡើយ។
ប្រទេសយេម៉ែនធ្លាក់ក្នុងសង្គ្រាមស៊ីវិលតាំងពីឆ្នាំ២០១៤ ក្រោយពេលក្រុមហ៊ូធីវាយប្រហារដណ្តើមការគ្រប់គ្រងរដ្ឋធានីSana បង្ខំឲ្យប្រធានាធិបតី Mansour Hadi ភៀសខ្លួនទៅរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០១៥ សម្ព័ន្ធមិត្តយោធាដឹកនាំដោយប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត សំដៅទៅលើក្រុមហ៊ូធី ។ ចាប់តាំងពីពេលនោះមកសង្គ្រាមវាយប្រហារគ្នារវាងកម្លាំងទាហានគាំទ្ររដ្ឋាភិបាលនិឹងក្រុមឧទ្ទាមហ៊ូធី បណ្តាលឲ្យមានមនុស្សជាច្រើនស្លាប់និងរងរបួស៕
រូបភាព៖ TTXVN