ខេត្តព្រះវិហារ៖ រថយន្តដឹកឈើរបស់ចែឡែន ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើតាំងក្រសាំងបង្រ្កាបបាន១គ្រឿងហើយ តែនៅ២គ្រឿងទៀតដែលសមត្ថកិច្ចជំនាញត្រូវតែតាមបង្ក្រាបបន្តទៀត។ នេះបើតាមភ្នាក់ងារយើងទើបទទួលបានសេចក្តីរាយការណ៍ពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗនេះ ។
ប្រភពបានប្រាប់ថា ការបង្រ្កាបនេះធ្វើឡើងកាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១ ចំណែកអ្នកបើកបររថយន្តដឹកឈើនោះបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនិងឈើប៉ុណ្ណោះ ។
ប្រភពរាយការណ៍ថា មេឈ្មួញប្រមូលទិញឈេីអត់ច្បាប់ ឈ្មោះចែឡែន នៅតែមមាញឹកក្នុងការដឹកជញ្ជូនឈើយកទៅលក់នៅខេត្តនានាជារៀងរាល់ថ្ងៃដដែលចំណែកសមត្ថកិច្ចគ្រប់ផ្នែកក៏នៅតែធ្វើដេកលក់ដូចគ្នាដដែល ។ ឈេីទាំងនោះដឹកចេញពីស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែនបន្តកន្ទុយគ្នាឆ្លងកាត់ផ្លូវជាតិលេខ៦២ ។
តាមប្រភពពីសមត្ថកិច្ចដែលសុំលាក់ឈ្មោះបានឱ្យដឹងថា ឈ្មួញឈើឈ្មោះ ចែឡែន សម្រុកដឹកឈើតាមរថយន្តសាំយ៉ុងចំនួន៣គ្រឿងជារៀងរាល់យប់ ចេញពីស្រុកខាងលើ តាមបណ្តោយផ្លូវជាតិលេខ៦២ឆ្លងកាត់ស្រុករវៀង ឆ្លងកាត់បារាសសមត្ថកិច្ចចម្រុះតាមដងផ្លូវចូលខេត្តកំពង់ធំបានយ៉ាងស្រួល ចំណែកសមត្ថកិច្ចបានត្រឹមឈរមើលអត់បង្ក្រាបនិងខ្លះទៀតសំងំសម្រាន្តធ្វើដេកលក់ ។
ពាក់ព័ន្ធទៅនិឹងសកម្មភាពដឹកឈេីល្មេីសច្បាប់របស់ឈ្មួញខាងលេីនេះ ដែលមិនត្រូវបានបង្រ្កាបនោះត្រូវបានមជ្ឈដ្ឋានទូទៅដាក់ការសង្ស័យថា ពួកគេត្រូវរ៉ូវគ្នាជាប្រព័ន្ធដើម្បីផលប្រយោជន៍លាភសក្ការៈរួចបាត់ទៅហើយ ។
ពាក់ព័ន្ធនិឹងករណីនេះ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ភ្នាក់ងារកាសែតយើងធ្លាប់បានខលតាមទូរស័ព្ទដើម្បីសុំការបកស្រាយពន្យល់ ប៉ុន្តែលោកមិនលើកទូរស័ព្ទឡើយហើយបើទទួលក៏គាត់ប្រាប់ថាជាប់ប្រជុំដែរ ។
មហាជនលើកឡើងត្រង់ៗថា អស់លោកជាសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមដងផ្លូវជាតិលេខ៦២បើមានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលនៅតែបន្តកើតមានយ៉ាងពេញបន្ទុកនេះគឺងាយទេ ព្រោះពួកគាត់មិនអាចថាមិនស្គាល់បទល្មើសក្នុងដែនសមត្ថកិច្ចពួកគាត់នោះឡើយ ប៉ុន្តែបើពួកគាត់បន្លំធ្វើជាដេកលក់នោះគឺពិបាកដាស់ហើយ ៕
ដោយ៖ វណ្ណៈ