មានករណីបាញ់ប្រហារពីរលើកផ្សេងគ្នានៅរដ្ឋ Florida និងទីក្រុង New Orleans រដ្ឋ Louisiana បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង ១៤នាក់រងរបួស។ ការបាញ់ប្រហារកើតឡើងនៅថ្ងៃទី ៦ខែមិថុនា (ពេលវេលានៅអាមេរិក)។
ស្នងការប៉ូលិសស្រុក Miami Dade លោក Freddie Ramirez បាននិយាយថា ក្នុងចំណោមមនុស្ស ៣នាក់ស្លាប់ក៏មានប៉ូលិសម្នាក់ផងដែរ ។ លោកបន្តទៀតថា មានរថយន្តជនសង្ស័យពីរគ្រឿង ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ គឺ មួយគ្រឿងប្រភេទ Chevy Balibu ពណ៌ខ្មៅ និងមួយគ្រឿងទៀតប្រភេទ Toyota Camry ពណ៌ស ហើយមនុស្សនៅក្នុងរថយន្តមួយក្នុងចំណោមពីរគ្រឿងបានបាញ់ប្រហារទៅលើពិធីជប់លៀង។
រថយន្តមួយគ្រឿងបានព្យាយាម ចាកចេញពីកន្លែងកើតហេតុ ហើយបុកទៅលើជញ្ជាំងរបងមហាវិទ្យាល័យ Miami Dade ។ ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី ៦ខែមិថុនា (ពេលវេលាក្នុងតំបន់) ហើយអត្តសញ្ញាណជនដៃដល់ និងជនរងគ្រោះមិនទាន់បានប្រកាសឲ្យដឹងនៅឡើយទេ។
មន្ត្រីប៉ូលិសនៅក្នុងតំបន់ Miami Dade លោកស្រី Daniella Levine Cava បានបង្ហាញភាពតក់ស្លុតយ៉ាងខ្លាំងចំពោះការបាញ់ប្រហារខាងលើ ។ លោកស្រីបញ្ជាក់ថា «យើងមិនអនុញ្ញាតឲ្យមានអំពើហិង្សាកើតឡើងនៅក្នុងសហគមន៍របស់យើងឡើយ។ ជនដៃដល់នឹងត្រូវទទួលខុសត្រូវនូវអ្វីដែលខ្លួនបានធ្វើ។ កម្លាំងប៉ូលិស Miami Dade មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបញ្ចប់អំពើហិង្សាកើតឡើងនាពេលអនាគត»។
កាលពីមួយសប្តាហ៍កន្លងមក តំបន់ Miami ក៏មានករណីបាញ់ប្រហារបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងជាង២០នាក់ទៀតរងរបួស ។ នៅថ្ងៃទី២៨ខែឧសភា ក៏មានករណីបាញ់ប្រហារបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួសនៅក្នុងតំបន់នេះដូចគ្នា។
ដោយឡែកនៅទីក្រុង New Orleans នាព្រឹកថ្ងៃទី ៦ខែមិថុនា ក៏មានករណីបាញ់ប្រហារបណ្តាលឲ្យមនុស្ស៨នាក់រងរបួស ក្នុងនោះមានស្ត្រីម្នាក់របួសធ្ងន់ដោយខ្មាន់កាំភ្លើងបាញ់ចំមុខ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។ នៅពេលនេះមន្ត្រីក្នុងតំបន់មិនទាន់បញ្ជាក់ពីព័ត៌មានស្តីពីមូលហេតុនៃការបាញ់ប្រហារ ក៏ដូចជាជនដៃដល់នៅឡើយទេ៕
រូបភាព៖ nId