ខេត្តត្បូងឃ្មុំ ៖ យុវជនពីរនាក់ជិះម៉ូតូដោយមានលាក់ថ្នាំញៀនក្នុងហោប៉ៅខោផងនោះគឺគេចមិនផុតពីភ្នែកនគរបាលជំនាញខេត្តត្បូងឃ្មុំដែលរក្សាសុវត្ថិភាពជូនពលរដ្ឋនោះឡើយ ។ ជាក់ស្ដែងជនទាំងពីរនាក់នេះត្រូវបានសមត្ថកិច្ចឃាត់ ខ្លួននៅក្នុងភូមិពោធិ៍រោងលិច ឃុំកោងកាង ស្រុកពញាក្រែក កាលពីវេលាម៉ោង១០ៈ០០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ។
ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀននេះគឺធ្វើឡើងដោយកម្លាំងជំនាញនគរបាលខេត្ត ចុះជួយស្រុកពញាក្រែក សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោងកាង ។
សមត្ថកិច្ចឱ្យដឹងថា អនុវត្តតាមភារកិច្ច កម្លាំងបានចុះល្បាតចល័តតាមភូមិសាស្រ្តតំបន់ងាយរងគ្រោះ ត្រង់ចំណុចព្រែកជីក ស្ថិតក្នុងភូមិពោធិ៍រោងលិច ឃុំកោងកាង ស្រុកពញាក្រែក ហើយបានត្រួតពិនិត្យ ឆែកឆេរជនសង្ស័យ២នាក់ ជិះម៉ូតូចំនួន១គ្រឿង ដូចមានឈ្មោះខាងក្រោម៖
១.ឈ្មោះ ស៊ុន តូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោងកាងទី៣ ឃុំកោងកាង ស្រុកពញាក្រែក។
២.ឈ្មោះ សាន រ៉ាវុធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោងកាងទី២ ឃុំកោងកាង ស្រុកពញាក្រែក បានឆែកឆេរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន០២កព្ចាប់ (សង្ស័យថាថ្នាំញៀន) ដែលឈ្មោះស៊ុន តូ លាក់ទុកក្នុងហោប៉ៅខោ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលេី រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដេីម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ វណ្ណៈ