ខេត្តកណ្តាល÷ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគពិសេស នៅព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២១ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូន នាយទាហាន នាយទាហានរង ដែលកំពុងឈរជើង សហការ ការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការលួចឆ្លងដែនខុសច្បាប់ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្ត ស្រុកកោះធំ ខេត្តកណ្ដាល។
ក្នុងឱកាសអញ្ជើញត្រួតពិនិត្យភូមិសាស្រ្ត មេបញ្ជាការយោធភូមិ ភាគពិសេស បានណែនាំដល់កម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ត្រូវតែត្រួតពិនិត្យ ទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ គេចវេសពីការធ្វើចត្តាឡីស័ក ដែលអាចបង្ករហានិភ័យចម្លងជំងឺកូវីដ-១៩ទៅសហគមន៍។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគពិសេស ក៏បានបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ នាយ-នាយរង ពលទាហាន ឈរជើងការពារ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងបានចែកជូននូវអំណោយដែលជាការឧបត្ថម្ភ របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនកងការពារព្រំដែនលេខ៦០១ រួមមានគ្រឿងឧបភោគបរិភោគ អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកា ចំនួន៧លានរៀលផងដែរ៕
ដោយ៖ សូរិយា