អង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រ លោក Antonio Guterresឱ្យកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិបន្ថែមមួយអាណត្តិទៀត គឺជាអាណត្តិទីពីររបស់លោក។
នៅថ្ងៃទី៨ខែមិថុនា(ពេលវេលាក្នុងតំបន់) អង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រលោក Antonio Guterres បន្តកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិមួយអាណត្តិ៥ឆ្នាំជាបន្តទៀត។ អាណត្តិថ្មីរបស់លោក នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
លោក Antonio Guterres បានឡើងកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី ១ខែមករាឆ្នាំ២០១៧ ហើយបញ្ចប់អាណត្តិទីមួយនៅថ្ងៃទី៣១ខែធ្នូឆ្នាំ ២០២១។ នៅក្នុងការបោះឆ្នោតអាណត្តិទីពីរ លោក Guterres មិនមានគូប្រជែងឡើយ។
កន្លងមកមានមនុស្ស១០រូបចង់ប្រជែងតំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិនោះដែរ ប៉ុន្តែមិនអាចក្លាយជាបេក្ខភាពសម្រាប់ការបោះឆ្នោតនោះឡើយ ដោយមិនទទួលបានការគាំទ្រពីប្រទេសជាសមាជិកទាំង១៩៣ប្រទេស។
ក្នុងតួនាទីជាអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិទីមួយ លោក Guterres បានផ្តោតសំខាន់ទៅលើការកាត់បន្ថយផលប៉ះពាល់ដោយគោលនយោបាយការបរទេសឯកតោភាគី ជាតិនិយមរបស់លោកត្រាំអតីតប្រធានាធិបតីអាមេរិក។ ជាមួយគ្នានោះលោកក៏បានផ្តល់អាទិភាពនៅក្នុងសកម្មភាពទប់ស្កាត់បម្រែបម្រួលអាកាសធាតុនិងការឆ្លងរាលដាលកូវីដ-១៩ ។
លោកGuterres អាយុ៧២ឆ្នាំ ជាអតីតនាយករដ្ឋមន្ត្រី ប្រទេសព័រទុយហ្គាល់ចាប់ពីឆ្នាំ ១៩៩៥-២០០២ ។ លោកធ្លាប់កាន់តំណែងជាប្រធានអង្គការជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ ចាប់ពីឆ្នាំ ២០០៥ដល់ឆ្នាំ២០១៥៕
រូបភាព៖ TTXVN