​អ្នកស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​ត្អូញត្អែរ​ពី​បញ្ហា​តម្លៃ​ដំឡូង​មី​ចុះថោក​

ចែករំលែក៖

ភ្នំពេញ​ ៖​ មុខរបរ​ដាំដំឡូង​មី​ គឺជា​ការងារ​កសិកម្ម​ចាំបាច់​មួយ​របស់​កសិករ​នៅ​ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ក្រៅពី​មុខរបរ​ដាំ​សណ្ដែក​ ពោត​ ស្រូវ​ និង​ចូល​ព្រៃ​កាប់​ឈើ​លក់​ ប៉ុន្តែ​មុខរបរ​ដាំដំឡូង​មី​របស់​អ្នកស្រុក​ភ្នំក្រវាញ​ មួយ​ចំនួន​ ប្រឈម​នឹង​ការ​ខាតបង់​ខ្ពស់​ ដោយសារ​បញ្ហា​អាកាសធាតុ​ និង​តម្លៃ​ដំឡូង​ចុះថោក​ពេល​ប្រមូល​ផល​ ខណៈ​ពួក​គាត់​ជាប់បំណុល​នៅ​ធនាគារ​។​

​កសិករ​ម្នាក់​រស់នៅ​ឃុំ​ផ្ទះ​រុង​ ស្រុក​ភ្នំក្រវាញ​ គឺ​ស្ដ្រី​ឈ្មោះ​ ញាណ​ សុខ​រឿ​ន​ មាន​ប្រសាសន៍​ថា​ ដើម្បី​ចិញ្ចឹម​កូន​ ១០​នាក់​នៅ​ក្នុង​បន្ទុក​តែ​ម្នាក់ឯង​ដោយ​ប្ដី​ស្លាប់​ចោល​នោះ​ រូប​គាត់​ត្រូវ​ជួល​ដី​គេ​១​ហិ​កតារ​បន្ថែម​លើ​ដី​ដែល​ខ្លួន​មាន​ស្រាប់​ទំហំ​២​ហិ​កតា​ ដើម្បី​ដាំដំឡូង​។​ លោកស្រី​ថា​ អ្នកចម្ការ​ដូច​គាត់​មិន​រំពឹង​អ្វី​ក្រៅពី​ដាំដំឡូង​ ឬ​សណ្ដែក​ឡើយ​ ខណៈ​គាត់​ជំពាក់​បំណុល​នាយទុន​កាន់តែ​ច្រើន​។​

​ស្ដ្រី​រូប​នេះ​បន្ដ​ថា​ កាលពី​ឆ្នាំ​មុន​ គាត់​ដាំដំឡូង​បាន​៧​លាន​រៀល​ តែ​ឆ្នាំ​នេះ​បាន​តែ​៥​លាន​រៀល​ទេ​ ដែល​ធ្វើ​ឱ្យ​កាត់​ត្រូវ​ជំពាក់​បំណុល​គេ​យ៉ាងច្រើន​ និង​កំពុង​តែ​ប្រឈម​នឹង​ការ​រឹបអូស​ដី​ ព្រោះតែ​គ្មាន​លុយ​សង​គេ​វិញ​។​

​ចំណែក​កសិករ​ ណុ​ប​ ផា​ន​ ឲ្យ​ដឹង​ថា​ សព្វថ្ងៃ​គាត់​មាន​ដីចម្ការ​ក្បែរ​ផ្ទះ​មិន​ដល់​១​ហិ​កតារ​ទេ​ ទើប​ក្នុង​មួយ​ឆ្នាំៗ​គាត់​ត្រូវ​ចំណាយ​លុយ​ ១​លាន​រៀល​ជួល​ដី​ទំហំ​ ១​ហិ​កតារ​កន្លះ​ ដើម្បី​ដាំដំឡូង​បន្ថែម​។​ លោក​ថា​ ដ្បិត​ឆ្នាំ​នេះ​ដំឡូង​មិន​ខូចខាត​ច្រើន​ដោយ​គ្រោះ​ធម្មជាតិ​ ប៉ុន្តែ​បញ្ហា​តម្លៃ​ដំឡូង​ធ្លាក់​ចុះ​ពី​ ៦៦០​រៀល​ក្នុង​ ១​គីឡូក្រាម​ មក​នៅ​ត្រឹម​ ៤៤៧​រៀល​ក្នុង​ ១​គីឡូក្រាម​នៅ​ដើមឆ្នាំ​២០១៦​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​កសិករ​។​ លោក​ថា​ បើ​ទោះជា​ដំឡូង​មិន​ឡើងថ្លៃ​ ក៏​ឆ្នាំ​ក្រោយ​លោក​នៅ​តែ​ដាំ​ដែរ​ ព្រោះ​គ្មាន​របរ​អ្វី​ពី​នេះ​ទេ​។​ ហេតុនេះ​ លោក​មាន​តែ​អំពាវនាវ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ មេត្តា​ជួយ​ជម្រុញ​ឈ្មួញ​ ឱ្យ​ផ្ដល់​តម្លៃ​សមរម្យ​ដល់​ពួក​គាត់​ផង​។​

​ឈ្មួញ​ក្នុងស្រុក​ម្នាក់​ គឺ​លោក​ នា​ន់​ សា​វី​ ហៅ​កី​ ថ្លែង​ថា​ រយៈពេល​ពីរ​ឆ្នាំ​ហើយ​ដែល​លោក​ទិញ​ដំឡូង​នៅ​តំបន់​បឹង​ស្ដុក​ ឋិត​នៅ​ក្នុង​ទឹកដី​រដ្ឋបាល​ស្រុក​បាកាន​ និង​ស្រុក​ភ្នំក្រវាញ​។​ រាល់​ឆ្នាំ​ លោក​មិន​បាន​បោះទុន​ជូន​កសិករ​មុន​ ដើម្បី​ដាំដំឡូង​នោះ​ទេ​ គឺ​ចាំ​ដល់​រដូវ​ប្រមូល​ផល​ ចាប់ផ្ដើម​ចុះ​ទិញ​តែ​ម្ដង​។​ លោក​ថា​ ក្នុង​មួយ​ថ្ងៃ​លោក​អាច​ទិញ​ដំឡូង​ស្ងួត​បាន​ជាង​ ២០​តោន​ នាំ​ចេញ​ទៅ​ថៃ​ តាម​ច្រក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ហើយ​ឆ្នាំ​នេះ​ ដំឡូង​ថោក​ណាស់​ ដែល​គាត់​ត្រូវ​ឱ្យ​តម្លៃ​ថោក​ដែរ​ គ្រា​ដែល​លោក​ប្រមូល​ទិញ​ពី​ប្រជា​កសិករ​ ហើយ​តែង​មានការ​រអ៊ូរ​រទាំ​យ៉ាង​ខ្លាំង​។​

​ទាក់ទង​បញ្ហា​នេះ​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់​ លោក​ ឡាយ​ ពិសិដ្ឋ​ ថ្លែង​ថា​ ផ្ទៃដី​កសិកម្ម​រួម​ក្នុង​ខេត្ត​មាន​ ១២​ម៉ឺន​ហិ​កតារ​ ក្នុង​នោះ​ផ្ទៃដី​ដាំដំឡូង​របស់​កសិករ​មាន​ជាង​ ២​ម៉ឺន​ហិ​កតារ​ និង​ដី​ដាំដំឡូង​ក្រុមហ៊ុន​មាន​ជាង​ ២​ម៉ឺន​ដែរ​។​ លោក​ថា​ បច្ចុប្បន្ន​តម្លៃ​ដំឡូង​បាន​ឡើង​ដល់​ ៥៣០​រៀល​វិញ​ហើយ​ក្នុង​ ១​គីឡូក្រាម​ ក្រោយ​ពី​លោក​ និង​អភិបាលរង​ខេត្ត​ម្នាក់​ ហៅ​តំណាង​កសិករ​ប្រជុំ​។​ លោក​ថា​ កន្លង​មក​លោក​បាន​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ផ្អាក​លក់​ ពេល​ដែល​ដំឡូង​ចុះថោក​ ចាំ​ទាល់តែ​ឡើងថ្លៃ​វិញ​ចាំ​លក់​។​

​លោក​ ឡាយ​ ពិសិដ្ឋ​ ថា​មន្ទីរ​មិន​បាន​ស្រង់​ចំនួន​កសិករ​ខ្វះខាត​ដី​ធ្វើ​កសិកម្ម​នោះ​ទេ​ ប៉ុន្តែ​តាម​រយៈ​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល​ ប្រជា​កសិករ​ទទួល​បាន​ដី​កសិកម្ម​ច្រើន​ហើយ​៕​ វិបុល

...

der

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print