ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងទៀតធ្វេីដំណេីរយ៉ាងលឿនមកបុកពីចហៀងពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅក្បែរផ្សារសូរិយ៉ាម៉ល តាមបណ្ដោយផ្លូវ១៥៤ កែងនឹងផ្លូវ៥៣ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ហេង ទ្រី ភេទប្រុសអាយុប្រហែល៣០ជាង មុខរបរជាងជួសជុលទូរស័ព្ទ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AP-3805ធ្វើដំណើរតាមបណ្តោយផ្លូវ ១៥៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបត់ឆ្វេងដៃឆ្លងទៅផ្លូវ ៥៣ ដោយខ្វះការប្រុងប្រយ័ត្ន ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IK-9432ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរី២០១៤ ពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូសង់០១៤ ដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកអ្នកជិះម៉ូតូហុងដាឌ្រីម០២១បានរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ម៉ោងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង ពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ