ភ្នំពេញ÷ យោងតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងមហាផ្ទៃបានចេញផ្សាយសៀវភៅកម្រងទិន្នន័យឈ្មោះ និងចំនួនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ/សង្កាត់ និងភូមិនៃព្រះរាជាណាចក្រកម្ពុជា។
សៀវភៅនេះបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការគ្រប់គ្រងរដ្ឋបាលដែនដី និងជាឯកសារផ្លូវការដ៏មានសារៈសំខាន់សម្រាប់មន្ត្រីរាជការ វិនិយោគិន សិស្ស និស្សិត ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការសិក្សាឈ្វេងយល់ ស្រាវជ្រាវ និងវិភាគផ្នែកសេដ្ឋកិច្ច សង្គម ជាពិសេសរួមចំណែកលើកកម្ពស់ចំណេះដឹងដល់សាធារណជន និងសម្រាប់មនុស្សជំនាន់ក្រោយ។
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានកំណត់ និងចែកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាខេត្ត និងក្រុងដោយខេត្តចែកជាស្រុក, ស្រុកចែកជាឃុំ, ក្រុងចែកជាខណ្ឌ និងខណ្ឌចែកជាសង្កាត់ ។
រហូតមកដល់ឆ្នាំ២០០៨ មាត្រា១២៦ និងមាត្រា១២៧ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម ដោយរៀបចំឡើងវិញនូវការចែកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានចែកចេញជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ ហើយការគ្រប់គ្រងរដ្ឋបាលដែនដីខាងលើ ត្រូវគ្រប់គ្រងតាមលក្ខខណ្ឌដែលមានចែកក្នុងច្បាប់រៀបចំអង្គការ។
លើសពីនេះទៀត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដើម្បីរៀបចំឡើងវិញនូវរដ្ឋបាលដែនដីមានគោលដៅរៀបចំនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងឱ្យបានជាក់លាក់រវាងតំបន់ទីក្រុង ទីប្រជុំជន និងតំបន់ជនបទដែលបានអនុវត្តរហូតមកដល់បច្ចុប្បន្ននេះ។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០០២ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០០៩ ប្រព័ន្ធគ្របគ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំឡើងជាជំហានៗ តាមប្រព័ន្ធគ្រប់គ្រងបែបវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមការរីកចម្រើននិងការអភិវឌ្ឍរបស់សង្គមជាតិ ដោយផ្អែកលើកកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់លាក់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
បច្ចុប្បន្នព្រះរាជាណាចក្រកម្ពូជា មានរាជធានីចំនួន១ ខេត្តចំនួន២៤ ក្រុងចំនួន២៧ ស្រុកចំនួន១៦២ ខណ្ឌចំនួន១៤ ឃុំចំនួន ១.៤០៥ សង្កាត់ ២៤១ និងភូមិចំនួន១៤.៤០៥។
គួរបញ្ជាក់ផងដែរថា សៀវភៅកម្រងទិន្នន័យឈ្មោះ និងចំនួនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនេះ ត្រូវបានរៀបចំ និងចងក្រងដោយអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ដោយផ្អែកលើមូលដ្ឋានឯកសារគតិយុត្តពាក់ព័ន្ធទៅនឹងការបង្កើត ការបំបែក ការលុបចោល និងការកែសម្រួលព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗចាប់តាំងពីមុនរហូតមកដល់បច្ចុប្បន្ន ៕