ភ្នំពេញ-បាត់ដំបង៖ បុរសម្នាក់យកកាំបិតកាប់ និងយកកៅអីវាយសម្លាប់ប្រពន្ធ រួចយកសពទៅផ្លុងចោលនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេចដល់ស្រុកសំឡូត ខេត្តបាត់ដំបង ។ហេតុការណ៍សម្លាប់ប្រពន្ធខ្លួនឯងនេះបានកើតឡើង
កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រាវជ្រាវឃាត់ខ្លួនបាននៅខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការនេះដោយបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ជនសង្ស័យមានឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ត្រូវជាប្តីឃាត់ខ្លួនបាននៅចំណុចផ្ទះសំណាក់ នីឡា ភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានបញ្ជាក់ថា ជនសង្ស័យត្រូវបាននាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការតាមបន្តនីតិវិធី។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបុរសជាប្ដី បានយកកាំបិតកាប់ និងយកកៅអីវាយសម្លាប់ជនរងគ្រោះជាប្រពន្ធមាន ឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ ហើយកាច់ដៃកាច់ជើងយកសពច្រកក្នុងវ៉ាលីទៅបោះចោល។
ទើបនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានប្រជាជនប្រទះឃើញមានមនុស្សស្លាប់អណ្ដែតទឹក នៅក្នុងវ៉ាលី នៅចំណុចមាត់ទន្លេ ក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ ប្រហែល២០០ម៉ែត្រ។
បន្ទាប់ពីទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវភ្លាមៗ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការឃាត់ជនសង្ស័យបាននៅចំណុចផ្ទះសំណាក់ នីឡា ភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕
ដោយ៖ ជ្រោយពេជ្រ