ខេត្តបន្ទាយមានជ័យ÷ នគរបាលស្រុកអូរជ្រៅបញ្ជូនខ្លួនលោកតាវ័យ៧៨ឆ្នាំម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះបន្ទាប់ពីធ្វើសកម្មភាពលួងលោមក្មេងស្រីអាយុ១៤ឆ្នាំម្នាក់រំលោភសេពសន្ថវ:បានសម្រេចរហូតដល់ទៅ៣ដង។
មន្រ្តីនគរបាលប្រាប់ថា ជនល្មោភកាមរូបនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា ស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួននៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ។
លោកសែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆុត ឆាត់ហៅពៅ បាន ភេទប្រុសអាយុ៧៨ឆ្នាំនៅភូមិតាផោក ឃុំចង្ហាស្រុកអូរជ្រៅ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ ដោយឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ សព្វថ្ងៃរស់នៅជាមួយជីដូនជរា។
លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ ដោយអ្នកជិតខាង ឈ្មោះវឿង តឿង ភេទស្រីអាយុ៥៤ឆ្នាំ មើលឃើញរូបរាងក្មេងស្រីរងគ្រោះមានអាការៈខុសប្រក្រតី គាត់ក៏បានសួរនាំ ហើយក្មេងស្រីរងគ្រោះបាននិយាយរឿងរ៉ាវប្រាប់ថាតា ឆុត ឆាត់ហៅពៅ បានរំលោភនាង ។ក្រោយពីក្មេងស្រីរៀបរាប់ឈ្មោះវឿង តឿង បានប្តឹងមកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា បានហៅជនសង្ស័យទៅសួរនាំ ។
លោកអធិការបញ្ជាក់ថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួងលោមក្មេងស្រីរងគ្រោះរំលោភមែននៅក្នុងទ្រុងមាន់ក្រោយផ្ទះរបស់ខ្លួន ដោយរំលោភបានសម្រេចចំនួន០៣ដង តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១មកម្ល៉េះ តាមវិធីលួងលោមឲ្យលុយនាង លើកទី១ចំនួន២០,០០០រៀល,លើកទី២ ចំនួន១០,០០០រៀលនិងលើកទី៣ចំនួន២០,០០០រៀល ។
លោកស្រីឌី សុជាតិ ស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ដោយផ្អែកលើបណ្តឹងក្រុមគ្រួសារក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ ត្រូវបានកម្លាំងនរបាលជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូខេត្តនៅរសៀលថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១ នេះ ដើម្បីចាត់ការតាមនីតិវិធី ៕