ខេត្តបន្ទាយមានជ័យ៖ កសិករនៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ប្រកបរបរចិញ្ចឹមកង្កែបបានត្អូញត្អែព្រោះកង្កែបរបស់ពួកគាត់បានផលហើយដោយឆ្នាំនេះគ្មានទីផ្សារលក់មិនចេញ ដែលធ្វើឲ្យពួកគាត់ព្រួយបារម្មណ៍ជាំខ្លាំង ទី១ គ្មានប្រាក់បង់អង្គការនិងទី២គ្មានប្រាក់ទិញចំណីឲ្យស៊ី ។នេះបើតាមការលើកឡើងពីកសិករដែលចិញ្ចឹមកង្កែបនៅភូមិខាងលើ។
បងប្រុសស្រី សុខា រស់ជាកសិករចិញ្ចឹមបង្កែបនៅភូមិខាងលើរៀបរាប់ថា៖គាត់បាន ប្រកបរបរចិញ្ចឹមកង្កែបជាច្រើនឆ្នាំមកហើយ ហើយឆ្នាំនេះបានចិញ្ចឹមកង្កែបចំនួន០៦ស្បៃ ក្នុង១ស្បៃប្រមាណ១,០០០ក្បាលយ៉ាងតិច គាត់ត្រូវចំណាយថវិកាជាច្រើនក្នុងការទិញចំណីឲ្យបង្កែបស៊ី ក្នុងមួយថ្ងៃត្រូវចំណាយប្រាក់អស់៨ម៉ីនរៀលសំរាប់ទិញចំណីឲ្យកង្កែបស៊ីជារៀងរាល់ថ្ងៃ ។ ដោយសារតែកត្តាលក់មិនចេញគ្មានទីផ្សារធ្វើឲ្យគាត់ជួបការលំបាកគ្មានថវិកានឹងទិញចំណីឲ្យកង្កែបស៊ី ហើយខ្ចីលុយធនាគារយកមកទិញចំណីឲ្យវាស៊ីកាន់តែជួបនូវផលលំបាកបន្ថែមមួយទៀត ។គាត់បន្ធែមថាកាលឆ្នាំទៅមិញគ្រាន់មានទីផ្សារមានម៉ូយមកទិញលក់បានតម្លៃពី៧០,០០០រៀលទៅ៨០,០០០រៀល ក្នុងមួយថ្ងៃមកដល់ឆ្នាំនេះជួបបញ្ហាជម្ងឺកូវីដ១៩ គ្មានម៉ូយមកទិញទាល់តែសោះ ។
ចំណែកឯបងប្រុសពុធ ឈួង កសិករចិញ្ចឹមកង្កែប នៅភូមិភ្នៀត សង្កាត់ភ្នៀតនោះដែរ ក៏បានលើក ឡើងស្រដៀងនិងបងប្រុសស្រី សុខា ផងដែរ គាត់សព្វថ្ងៃចិញ្ចឹមកង្កែបចំនួន១១ស្បៃ ក្នុង០១ស្បៃកក៏មិនតិចជាង១,០០០ក្បាលផងដែរ ហើយលក់មិនចេញនៅពេលទទួលផលហើយនោះព្រោះតែគ្មានទីផ្សារ។ពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរក៏ដូចជាមន្ទីរជំនាញកសិកម្មនិងមន្ទីរពាណិជ្ជកម្មជួយរកទីផ្សារដល់ពួកគាត់បានលក់បង្កែបចេញ ដើម្បីយកលុយបង់ធនាគារនិងបានទិញចំណីឲ្យបង្កែបដែលនៅតូចៗបន្ថែមទៀត ផង។
ចំណែកចៅសង្កាត់ភ្នៀត លោកហួត សាវឺ បានបញ្ជាក់ថា៖នៅក្នុងទូទាំងសង្កាត់ភ្នៀត នេះ មានកសិករចិញ្ចឹមកង្កែបចំនួន៥៨គ្រួសារ បច្ចុប្បន្នពួកគាត់ជួបបញ្ហាទីផ្សារលក់កង្កែបរបស់ពួកគាត់មិនចេញ ដែលធ្វើឲ្យពួកគាត់ជួបការលំបាកដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនិងដោះស្រាយបំណុលធនាគារ ។ដូច្នេះក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន ក៏សូមសំណូមពរដល់អាជ្ញាធរក្រុង ខេត្ត ក៏ដូចជាមន្ទីរជំនាញនិងមន្ទីរពាក់ព័ន្ធ ជួយរកទីផ្សារកង្កែបដល់កសិករដែលបានខិតខំចិញ្ចឹម លក់ចេញទៅទីផ្សារផងដើម្បីបានថវិការដោះស្រាយបង់ធនាគារនិងដើម្បីជីវភាពរបស់ពួកគាត់។
ជុំវិញ បញ្ហានេះលោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ទទួកបន្ទុកការិយាល័យ អភិវឌ្ឍន៍ ពាណិជ្ជកម្ម បានប្រាប់ តាមទូរសព្ទ៖ចំពោះបញ្ហាទីផ្សាកង្កែបដែលកសិករនៅក្នុងសង្កាត់ភ្នៀតជួបប្រទះនេះ ក្នុងនាមមន្ទីរនឹងខិតខំជួយរកទីផ្សារជូនពួកគាត់ ហើយមួយវិញទៀត បងប្អូនអ្នកចិញ្ចឹមកង្កែបដែលកំពុងជួបប្រទះបញ្ហាទីផ្សារ មន្ទីរសូមលើកទឹកចិត្តឲ្យពួកគាត់អាចមកលក់ដូរនៅផ្សារសហគមន៍របស់ខេត្តបាន ដោយមិនមានគិតតម្លៃស្តង់នោះទេ តែត្រូវទាក់ទង់មកមន្ទីរជាមុនសិន តាមរយៈលោក សោម សុខា អនុប្រធានការិយាល័យ អភិវឌ្ឍន៍ ពាណិជ្ជកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្ត លេខទូរស័ព្ទ 017 84 54 84 ក្រុមការងារនិងធ្វើសម្រួលកន្លែងលក់ដូរជូនបងប្អូនពលរដ្ឋ៕
ដោយ៖ វណ្ណា