អាជ្ញាធរខេត្តបាត់ដំបងបានដឹកនាំមន្រ្តីជំនាញខណ្ឌជលផលខេត្តចុះសហការជាមួយមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់គ្រឿងចក្រឈូសឆាយដីនិងបំផ្លាញព្រៃលិចទឹក

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបងនិងមន្រ្តីជំនាញបានបង្កើនការ យកចិត្តទុកដាក់ដោយសហការជាមួយសហគមន៍នេសាទ កងកម្លាំងនិងងស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការរុករានព្រៃលិច ទឹកដើម្បីបង្កបង្កើនផល ដែលធ្វើឲ្យប៉ះពាល់ដល់ហ្វូងមច្ឆាជាតិ និង ជីវៈចម្រុះ ។

បើតាមមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានបញ្ជាក់ថា រយៈកាលចុងក្រោយនេះសកម្មភាពរុករានដីព្រៃលិចទឹក យកធ្វើស្រែពីសំណាក់ជនខិលខូចនៅតែផុលផុស ដោយប្រើប្រាស់រូបភាពផ្សេងៗ បើទោះបីជា អាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធខិតខំប្រឹងប្រែងទប់ស្កាត់យ៉ាង ណាក៏ដោយក៏មានជនល្មើសលួចប្រើគ្រឿងចក្រឈូសឆា
យ។

លោក កក អុីឡែន នាយរង ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានឲ្យដឹងថា ដីព្រៃលិចទឹក ដែល ក្រុមល្មើស រុករាន ភាគច្រើននៅតំបន់ពីរនិងតំបន់បី ដែលក្រុមជនល្មើសបាន ប្រើល្បិចផ្សេងៗ ដើម្បីរុករានយកដីមកបង្កបង្កើនផល ។
ដោយជនល្មើសខ្លះបានប្រើល្បិចដុតព្រៃ ហើយបានយក ស្រូវទៅព្រួសនៅពេលយប់ដោយបន្លំថា ជាដីស្រែចាស់ ខ្លះទៀតបាន ប្រើប្រាស់គ្រឿងចក្ររុករានពីខាងក្នុងដោយទុកព្រៃ នៅសងខាង បន្លំភ្នែកមន្រ្តីជំនាញនិងអាជ្ញាធរ ជាដើម ។

លោកបញ្ជាក់ទៀតថា តាមតួលេខដែលចុះស្រាវជ្រាវគិតត្រឹមខែកក្កដា ឆ្នាំ២០២០ ក្រុមជនល្មើសបាន រុករាននៅស្រុកចំនួនបួន ដែលមាន ភូមិសាស្រ្តជាប់បឹងទន្លេសាប មានស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និង ស្រុកថ្មគោល អស់ដីព្រៃលិចទឹកចំនួន ១០,៩៩២ ហិកតា នៅក្នុងតំបន់ពីរនិងតំបន់បី និង ភ្លើងឆេះព្រៃ អស់ចំនួន ជាង៨ពាន់ហិកតា។ លោក កក អ៊ីឡែនបានបញ្ជាក់ថា ដោយសារតែការរុករានទន្រ្ទានព្រៃលិចទឹកមានសកម្មភាពផុលផុស អាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ក្នុងការបង្រ្កាបនិងទប់ស្កាត់ចំពោះសកម្មភាពនេះយ៉ាងខ្លាំងផងដែរ ។ នៅដើមឆ្នាំ២០២១នេះ បង្រ្កាបបាន១១ករណី ឃាត់ខ្លួនជនល្មើស១៦នាក់ និងគ្រឿងចក្រ៥គ្រឿងព្រមទាំងសម្ភារជាច្រើនទៀតបញ្ជូនទៅកាន់សាលាដំបូង
ខេត្តបាត់ដំបងដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

លោកបញ្ជាក់បន្តថា បើគិតតាំងពីឆ្នាំ២០១៥មក មន្រ្តីខណ្ឌរដ្ឋបាលជលផលនិងស្ថាប័នពាក់ព័ន្ធរួមគ្នា ឃាត់ខ្លួនជនល្មើសដែលរុករានទន្រ្ទានដីព្រៃលិចទឹក បានឃាត់ខ្លួន៨០ នាក់ និងគ្រឿងចក្រ ព្រមទាំង សម្ភារជាច្រើន បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ទោះបីយ៉ាងណាមន្រ្តីរដ្ឋបាលជលផលខាងលើបានឲ្យដឹងថា ការបង្ការទប់ស្កាត់ការរុករាន ដីព្រៃលិចទឹក មានការលំបាកផងដែរដោយសារទំហំដីព្រៃលិចទឹកនៅខេត្តបាត់ដំបងមានរហូតដល់ជាង២០ម៉ឺនហិកតា ចំណែកមន្រ្តីខណ្ឌរដ្ឋបាលជលផលមានតែជាង២០នាក់ កំពុងធ្វើការលើផ្នែកផ្សេងៗទៀតផងដែរ ដូចជា រដ្ឋបាល, វារីរប្បកម្ម និង ទប់ស្កាត់បទល្មើសជាដើម ។
លោកបន្ថែមទៀតថា ក្រៅពីនោះមន្រ្តីនៅខ្វះខាត មធ្យោបាយ សម្ភារ ថវិកាក្នុងការចុះបង្រ្កាបផងដែរ។
លោកបញ្ជាក់ថា ដូច្នេះ ទាមទាឲ្យមានការចូលរួមសហការយ៉ាងសកម្មពី អាជ្ញាធរ កងកម្លាំង ប្រដាប់អាវុធ មន្រ្តីសហគមន៍ និង មន្រ្តីជំនាញពាក់ព័ន្ធផ្សេងទៀត រួមគ្នាទប់ស្កាត់ទាំងអស់គ្នា។

លោក មឹល សុផល អភិបាលស្រុកឯកភ្នំ បានឲ្យដឹងថា លោកតែងតែដឹកនាំផ្សព្វ ផ្សាយដល់ ប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យយល់ដឹងពីផ្លូវច្បាប់ទាក់ទងនិងព្រៃលិចទឹកនេះ និងបានដឹកនាំ ចុះ បង្រ្កាបនិងកំណត់មុខសញ្ញាមេក្លោងជាច្រើន ដើម្បីរៀបចំបញ្ជូន សំណុំរឿងទៅសាលាដំបូងខេត្តបាត់ដំបង ។ អាជ្ញាធរស្រុក ឃុំ ភូមិ ក៏បានសហការជាមួយមន្រ្តីជលផល សហគមន៍នេសាទ និងកងកម្លាំង តាមឃ្លាំមើលជាប្រចាំ នៅតំបន់ដីព្រៃលិចទឹក ដើម្បីការពារមិនឲ្យជនល្មើសរុករានថ្មីៗបន្តទៀតទេ។

ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០១១ បានកំណត់ដីព្រៃលិចទឹកនៅ៦ខេត្តជុំវិញ បឹងទន្លេសាប មានចំនួន ៦៤៧,៤០៦ហិកតា ដោយឡែកខេត្តបាត់ដំបងមានដីព្រៃលិចទឹកចំនួន ២០៦,៩៥៣ហិកតា៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print