រដ្ឋបាលរាជធានីភ្នំពេញ៖ ការស្តារប្រឡាយបឹងទំពុន សម្រេចបាន៦០ភាគរយហើយដើម្បីរំដោះទឹកក្នុងខណ្ឌចំនួន៥នៅរដូវវស្សាឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖  អាជ្ញាធររាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាល បើទោះបីពេលនេះបាននិងកំពុងប្រឈមមុខការរីករាលដាលនៃជំងឺ កូវីដ-១៩ ក៏ពិតមែន ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ នៅតែបន្តធ្វើសកម្មភាពដោយមិនមានការអាក់ខានឡើយ។

   ជាក់ស្ដែងនៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២១នេះ ក្រុមការងាររបស់រាជធានីភ្នំពេញ បាននិងកំពុងអនុវត្តបន្តការស្តារប្រឡាយបឹងទំពុន ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដេីម្បីបង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។

  លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ មិថុនានេះថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលណែនាំពីលោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការស្តារប្រព័ន្ធបង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណ:នេះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ជាអ្នកអនុវត្តបានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពុន ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។

   លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា៖ ប្រឡាយបឹងទំពុន មានប្រវែង៣៧១០ម៉ែត្រ ទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបូមទឹកបឹងទំពុនផ្លូវលេខ៣៧១ ។ ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ ខែមេសា ហើយមកដល់ពេលនេះ ក្រុមការងារបានស្តារប្រឡាយបឹងទំពុនសម្រេចបាន៦០ភាគរយហើយ ដែលមានប្រវែង២២០០ម៉ែត្រ ។ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោកនិង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។

    លោកដួង ចាន់សារ៉ាត់ បានសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំឱ្យបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕

        

...

ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print