ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានប្រារព្ធវេទិកាស្ដីពី ការអប់រំ និងសហគ្រិនភាពឆ្នាំ២០១៦ ក្រោមប្រធានបទការផ្សារភ្ជាប់ខ្លួនទៅនឹងបរិការណ៍សេដ្ឋកិច្ច និងទីផ្សារការងារក្នុងតំបន់ និងក្នុងពិភពលោក ក្រោមអធិបតីភាពលោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ លោកសាកលវិទ្យាធិការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ វាគ្មិនល្បីៗមកពីវិស័យឯកជន និស្សិត និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្ត្រីបានប្រសាសន៍ថា វេទិកាដែលរៀបចំនាថ្ងៃនេះ ពិតជាមានសារៈ សំខាន់ ដែលរួមចំណែកក្នុងការបន្ស៊ីរវាងការសិក្សានិងតម្រូវការជាក់ស្តែង របស់ទីផ្សារ ការងារ ជាពិសេស ការបង្កើនជំនាញបច្ចេកទេស ចំណេះដឹង និងសមត្ថភាពក្នុងការគិតពិចារណា ដែលជាសេចក្តីត្រូវការពិតនៃទីផ្សារការងារនាពេលបច្ចុប្បន្ន។
លោកបានបន្ថែមថា ដើម្បីជំរុញឲ្យមានកិច្ចសហការកាន់តែជិតស្និតរវាងសាកល វិទ្យាល័យនិងឧស្សហកម្ម វេទិកានេះ គឺជាជំហានមួយយ៉ាងសំខាន់ ដើម្បីជាមូលដ្ឋានចែក រំលែកព័ត៌មាន និងចំណេះដឹង និងជាការប្រមូលនូវគំនិតនិងយោបល់ផ្សេងៗ ដើម្បីជាទុន ក្នុងការរៀបចំ នូវវិធានការ គោលនយោបាយកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នៅកម្រិតឧត្តមសិក្សា ៕ សុខ ខេមរា