ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ពាក់អាវពណ៌ខ្មៅដៃខ្លី ស្លៀកខោពណ៌ផ្កាឈូកមិនដឹងថាមកពីទីណានោះទេបានទៅដេកក្នុងទូ ATMបង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្នាក់ងារសន្តិសុខ និងសមត្ថកិច្ចនាំគ្នាទៅឃាត់ តែបែរជាស្ត្រីរូបនេះដើរស្រែកឡូឡា និងស្រាតខោអាវទៅវិញ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ១០០៣ ក្បែរផ្សារអុីអន២ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីសន្តិសុខបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ ជាជនជាតិចិន ហើយក៏មិនដឹងថាស្ត្រីរូបនេះដើរមកពីណានោះទេបានជាមកដេកនៅក្នុងទូ ATM ស្ថិតនៅលើផ្លូវលេខ១០០៣ ហើយអុកឡុកគេឯងពេញនៅម្តុំនោះ។ ឃើញបែបនេះរូបគាត់ជាក្រុមសន្តិសុខបាននាំគ្នាហាមឃាត់ស្ត្រីជនជាតិចិនរូបនោះកុំឱ្យធ្វើបែបនេះទៀត។
សន្តិសុខរូបនេះបន្តទៀតថា ក្រោយមកស្ត្រីរូបនោះក៏បានដើរចេញទៅដល់ម្តុំផ្សារអុីអន២ ក៏ស្រាប់តែចូលទៅអុកឡុកកន្លែងសន្តិសុខកំពុងតែដេក ថែមទាំងស្រែកឡូឡា និងដោះអាវស្រាតខោចេញ ទៀតផងតែត្រូវបានគេហាមឃាត់ទាន់ ទើបស្ត្រីជនជាតិចិនរូបនេះដើរទៅដើរមក និងនិយាយតែឯងស្រែកពេញផ្លូវ ហើយរត់ចូលឡាន និងម៉ូតូដែលកំពុងតែបើកលឿនៗអស់រយៈពេលជាងមួយម៉ោង ទើបសមត្ថកិច្ចមកដល់ហាមគាត់កុំឱ្យអុកឡុកគេឯងបន្តទៀត ។
បើតាមសម្តីសមត្ថកិច្ចបានឱ្យដឹងដែរថា ស្ត្រីរូបនេះ គឺមិនដឹងថាប្រើប្រាស់ថ្នាំញៀនដល់កម្រិតណានោះទេបានជាមានសភាពបែបនេះ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចក៏បានហៅម៉ូតូកង់បីដឹកយកស្ត្រីរូបនេះទៅកាន់ស្ថានទូតចិន ដើម្បីប្រគល់ឱ្យស្ថានទូតចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ